ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា អាមេរិកវាយប្រហារ តាមអាកាសទៅលើស្ពាន ចំនួន៥ នៅភាគខាងត្បូងខេត្ត Hormozgan

បរទេស៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ តាមអាកាសមួយជុំទៀតនៅពេលយប់ ដោយមានសេចក្តីរាយការណ៍ថា បានវាយប្រហារចំលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ធ្លាប់បានព្រមានថា ការបង្កើនកម្តៅជម្លោះបន្ថែមទៀត នឹងផ្តល់ផលវិបាក ដល់តំបន់ទាំងមូល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (US Central Command) បានប្រកាសពីការវាយប្រហារ ជាយប់ទីប្រាំមួយជាប់ៗគ្នារបស់ខ្លួន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយមិនបានបង្ហាញពីគោលដៅវាយប្រហារនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្តាហ៍នេះថា នឹងពង្រីកយុទ្ធនាការទម្លាក់គ្រាប់បែកទៅលើរោងចក្រថាមពល ហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ពាននានារបស់អ៊ីរ៉ង់។

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានដៅចំស្ពានចំនួនប្រាំ នៅក្នុងខេត្ត Hormozgan ភាគខាងត្បូង កាលពីយប់មិញ ដែលនេះជាការបន្ថែមលើសេចក្តីរាយការណ៍មុនៗថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានរងការវាយប្រហារ។

យោងតាមរដ្ឋបាលខេត្ត ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Fars បានឱ្យដឹងថា ការវាយប្រហារទាំងនោះបានធ្វើឱ្យខូចខាតដល់ស្ពាន Gariveh ដែលតភ្ជាប់ទីក្រុង Bandar Abbas ជាមួយទីក្រុង Bandar Khamir និង Lar, ស្ពានមួយនៅជិតភូមិ Latidan, ស្ពានពីរកន្លែងនៅលើផ្លូវ Kahoorestan–Lar, ស្ពានមួយផ្នែកដែលមិនទាន់សាងសង់រួចរាល់ទាំងស្រុង ដែលតភ្ជាប់ទីក្រុង Bandar Khamir, Keshar និង Bandar Abbas ក៏ដូចជាស្ពានមួយកន្លែងទៀតនៅក្នុងភូមិ Maru ក្នុងស្រុក Khamir។
ប្រែសម្រួលៈ ណៃ តុលា

To Top