ចិន និងប៉ាគីស្ថាន អំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារ និងបន្តការចរចា
សៀងហៃ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាដ អ៊ីសាកដារ នៅទីក្រុងសៀងហៃ ដោយភាគីទាំងពីរអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់ការបាញ់ប្រហារ និងបន្តការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ ជំនះការលំបាក លុបបំបាត់ការរំខាន បន្តទំនាក់ទំនង និងការសន្ទនា និងខិតខំសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយតាមរយៈការចរចា។ ភាគីទាំងពីរ ក៏បានជំរុញឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបែបនេះផងដែរ។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដំណាក់កាលទីមួយដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនមែនជារឿងងាយស្រួលនោះទេ។ វាតំណាងឱ្យលទ្ធផលនៃការចរចាទ្វេភាគី ហើយក៏ជំពាក់ច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដោយប៉ាគីស្ថាន ដើរតួនាទីសម្របសម្រួល និងជាការសម្របសម្រួលដែលមិនអាចខ្វះបាន។
លោក វ៉ាង យី បានលើកឡើងថា បទប្បញ្ញត្តិស្នូលនៃអនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបានបំពេញតាមការរំពឹងទុករួមគ្នារបស់សហគមន៍អន្តរជាតិផងដែរ ដូច្នេះហើយ សមនឹងទទួលបានការឱ្យតម្លៃ និងការពារដោយប្រុងប្រយ័ត្នបំផុត។
ដោយកត់សម្គាល់ថា គ្រប់ភាគីទាំងអស់គួរតែគោរពការប្តេជ្ញាចិត្តរបស់ពួកគេ និងគោរពតាមបទប្បញ្ញត្តិនៃអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបានបន្ដថា ប្រទេសចិនដូចសព្វមួយដង នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន និងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការបន្ធូរបន្ថយស្ថានការណ៍តាមរបៀបរបស់ខ្លួន។
លោក អ៊ីសាកដារ បានធ្វើសេចក្តីសង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់ប្រទេសប៉ាគីស្ថាន និងបានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការយោគយល់ និងការគាំទ្ររបស់ខ្លួន។ លោកបានលើកឡើងថា ប៉ាគីស្ថាន នឹងបន្តឆ្ពោះទៅមុខប្រឆាំងនឹងការលំបាក និងបន្តលើកកម្ពស់កិច្ចចរចាសន្តិភាពយ៉ាងសកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា









