Feature

ការឃុបឃិតយោធារវាងសហរដ្ឋអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់

ព្យុងយ៉ាង៖​ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជេីង (KCNA) បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសនេះថា កូរ៉េខាងជេីង​ បានថ្កោលទោស «ការឃុបឃិតយោធា» ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយថាវាធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងម្នាក់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំប្រមុខការពារជាតិត្រីភាគីនៃប្រទេសទាំងបី​ ដែលបានកោះប្រជុំនៅថ្ងៃពុធ​ នៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីកិច្ចប៉ុនប៉ង «សម្រេចបាននូវឧត្តមភាពយោធានៅក្នុងតំបន់ និងស្វែងរកផលប្រយោជន៍ភូមិសាស្ត្រនយោបាយអនុត្តរភាពរបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការយោធាត្រីភាគីកាន់តែខ្លាំងឡើង»។

អ្នកនាំពាក្យរូបនេះត្រូវបានដកស្រង់សម្តីដោយ KCNA ដោយថា «ការឃុបឃិតយោធា» គឺជា «មូលហេតុចម្បងនៃការធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

អ្នកនាំពាក្យរូបនេះបានបន្ដថា កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង​ នឹងមិនអនុញ្ញាតឱ្យមាន «អតុល្យភាពកម្លាំង» នៅក្នុងតំបន់ដែលជាលទ្ធផលនៃ «ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង» ឡើយ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា យោធារបស់ប្រទេសនេះនឹង «តែងតែស្មោះត្រង់ចំពោះបេសកកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្សាបបញ្ហាប្រឈមសន្តិសុខជាក់ស្តែង និងការគំរាមកំហែងដែលអាចកើតមាន និងការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ដោយភាពជឿជាក់»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top