រុស្ស៊ី អះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧៧៤ គ្រឿងក្នុងរយៈពេល ២៤ ម៉ោង
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧៧៤ គ្រឿង និងគ្រាប់បែកនាំផ្លូវចំនួន ១៣ គ្រឿងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារមួយជុំទៀតពេញមួយយប់ដោយប្រើអាវុធណែនាំជាក់លាក់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រឆាំងនឹងគោលដៅដែលទាក់ទងនឹងយោធាអ៊ុយក្រែន។
ក្រសួងបានបន្ដថា ការវាយប្រហារបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកំពង់ផែ Odesa ដែលប្រើសម្រាប់ផ្ទុកប្រេងឥន្ធនៈ និងប្រេងរំអិល ក៏ដូចជាកន្លែងផ្ទុកប្រេងឥន្ធនៈដែលមានបំណងគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
ក្រសួងបានបន្ថែមថា កប៉ាល់កុងតឺន័រមួយគ្រឿងដែលកំពុងផ្ទុកគ្រាប់រំសេវនៅកំពង់ផែ Chornomorsk ក្នុងតំបន់ Odesa របស់អ៊ុយក្រែន ក៏ត្រូវបានវាយប្រហារផងដែរ។ កងកម្លាំងរុស្ស៊ី ក៏បានកំណត់គោលដៅលើនាវាដឹកទំនិញស្ងួតមួយគ្រឿងនៅជិតកោះពស់ក្នុងសមុទ្រខ្មៅ ដែលកំពុងដឹកជញ្ជូនសម្ភារៈសម្រាប់យោធាអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា









