Feature

បទវិភាគ​៖ ចេញដំណើរ​ពី​ក្រុងសៀងហៃ ​ផែនការ​ចិនបំភ្លឺផ្លូវ​អភិវឌ្ឍន៍ ​និង​​អភិ​បាលកិច្ច​បញ្ញាសិប្បនិម្មិត​សកល​

ពីថ្ងៃទី១៧​ដល់ថ្ងៃទី​២០ខែកក្កដា ​​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ច​ប្រ​ជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល​បានប្រារព្ធធ្វើនៅ​​ក្រុង​សៀង​ហៃ​ប្រ​ទេសចិន ។ ​

កាលពីថ្ងៃទី​១៧ ខែកក្កដា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូល​រួម​ពិធីបើក​កិច្ចប្រជុំ និង​ថ្លែងសុន្ទរកថា​គន្លឹះ ដោយបាន​​លើកឡើង​មតិ​ ៤ ចំណុចស្តីពី​ការ​ពួតដៃ​គ្នាបង្កើត​​ប្រព័ន្ធ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិតសកល​ប្រកបដោយ​យុត្តិធម៌និង​ភាព​សម​ហេតុផល ​ដែលបានឆ្លើយ​តប​យ៉ាងស៊ីជម្រៅ​ចំពោះវិញ្ញាសា​នៃយុគសម័យ​ដែល​នាំ​មក​ដោ​យ​ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត និង​ចង្អុល​ទិសដៅ​សម្រាប់​ការកសាង​ប្រព័ន្ធ​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​សកល ដែល​ទទួលបាន​ការឆ្លើយតប​យ៉ាងសកម្មពី​ភ្ញៀវកិត្តិយស​ដែល​ចូល​រួម​កិច្ចប្រជុំ និង​ការយកចិត្ត​ទុកដាក់យ៉ាងខ្លាំង​ពីសហគមន៍​អន្តរជាតិ ។

“ផែន​ការ​ចិននិង​គោលនយោបាយស្តីពី​​បញ្ញាសិប្បនិម្មិតរបស់​ចិនដែល​លើកឡើងដោយ​លោ​កXi ​Jinping ​ប្រធានរដ្ឋចិន​បាន​ត្រួសត្រាយផ្លូវ​សម្រាប់ឧស្សាហកម្ម​ទាំងមូល ហើយ​មនុ​ស្ស​​ទាំងអស់​​លើផែនដី​នឹងទទួលបាន​ផលប្រយោជន៍ “​ “ព័ត៌មាន​ដែល​លោក Xi ​Jinping ​ប្រ​ធាន​រដ្ឋចិន​​បានបញ្ជូន​គឺច្បាស់ណាស់ ​បញ្ញាសិប្បនិម្មិត​គឺបម្រើ​ដល់​​ផលិតផល​សាធារណៈ​និង​វិបុលភាពរួម​”… មតិ​អន្តរជាតិ​បានសម្គាល់​ឃើញ​ជាទូទៅថា ​ចិន​ផ្តួចផ្តើមឱ្យ​​ប្រើប្រាស់​ប​ញ្ញា​សិប្បនិម្មិត​ប្រកបដោយ​ភាព​វិជ្ជមាន​ ផ្តល់ផលប្រយោជន៍​ជាទូទៅនិង​បរិយាប័ន្ន ក៏​ដូច​ជា​មានសុវត្ថិភាព​និងអាចគ្រប់គ្រង​បាន ដោយបាន​បង្ហាញ​ពីទំនួលខុស​ត្រូវ​របស់​ប្រទេស​ធំ​ ។

ពីការផ្តួចផ្តើមឱ្យ​​​បង្កើតអង្គការ​សហប្រតិបត្តិការ​ខាង​បញ្ញាសិប្បនិម្មិត​ពិភពលោក​កាល​ពី​ឆ្នាំ​មុន រហូតដល់​ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ស្តីពីការបង្កើត​អង្គការនេះនៅ​ឆ្នាំ​២០​២៦​នេះ ចិនបាន​រួមចំណែក​ជាផលិតផល​សាធារណៈ​ដ៏សំខាន់​មួយទៀត​ជូន​ដល់ពិភព​លោ​ក​ ។ ​ក្នុងនាមជា​អង្គការអន្តររដ្ឋាភិបាល​ដំបូងគេលើ​ពិភពលោក​ស្តីពីបញ្ញាសិប្បនិម្មិត វា​នឹង​
មាន​អំណោយ​ផល​​ដល់​ប្រទេសនានាក្នុង​ការតភ្ជាប់​តម្រូវការ ​បទដ្ឋានច្បាប់​និង​ស្តង់ដារ​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ ហើយក្លាយជា​និមិត្តសញ្ញា​ដ៏​សំខាន់​មួយក្នុង​ប្រវត្តិសាស្ត្រ​នៃ​កា​រ​អភិ​វឌ្ឍ​បញ្ញាសិប្បនិម្មិត ។

ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​កំពុងផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័សពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ ហើយ​ការ​មាន​សុវត្ថិភាព​និងអាចគ្រប់គ្រងបាន​គឺជាខ្សែ​បន្ទាត់ក្រហម​ ។ ​មាន​ការវិភាគ​​លើកឡើងថា ​ផ្ទុយ​ពីគំនិតរបស់​​ប្រទេសប៉ែក​ខាងលិច​មួយចំនួន​ដែលផ្តោតលើ​ការគ្រប់គ្រង​ហានិភ័យ ឬ​ការ​ប្រកួតប្រជែង​ឧស្សាហកម្ម ផែនការ​ចិន​បាន​ប្រកាន់ខ្ជាប់​ទាំងការអភិវឌ្ឍ​និងសុវត្ថិភាព ដើម្បី​ធានាឱ្យ​បញ្ញាសិប្បនិម្មិត​ស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់​មនុស្សជាតិ​ជាប់​រហូត​។ នេះ​បាន​នាំមក​នូវការបំផុស​គំនិត​ដ៏មាន​តម្លៃ​​សម្រាប់ការជំរុញ​អភិបាលកិច្ច​បញ្ញា​សិប្ប​និម្មិត​សកល​ ។

អំពី​ការគាំទ្រ​ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​សកល​ ភាគីចិនមិន​ត្រឹមតែ​មាន​គំនិតផ្តួ​ចផ្តើម​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែថែមទាំង​មានសកម្មភាព​ជាក់​ស្តែង​ផងដែរ ។ ​ក្នុងរយៈពេល ៥ ឆ្នាំ​ខាង​មុខ​នេះ​ ​ចិននឹងផ្តល់​ឱកាស​បណ្តុះបណ្តាល​ជំនាញ​បញ្ញាសិប្បនិមិ្មត​ចំនួន៥​ពាន់នាក់ជូន​ចំពោះ​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍ ​ បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ខាងការប្រើប្រាស់​បញ្ញា​សិប្ប​និមិ្មត​អន្តរជាតិ​ដែលផ្តោត​លើ​​អាស៊ាន ​សម្ព័ន្ធ​​អារ៉ាប់ ​សហភាពអាហ្វ្រិក​ សហគមន៍​ប្រទេស​អា​មេរិកឡាទីន​និងការា​បៀន ​អង្គការ​សហប្រតិបត្តិការ​សៀងហៃនិង​ប្រទេស​BRICS​ ​ជំរុញ​ផែន​ការ​ផ្តល់​ភេរវសញ្ញា​ជា​មុន​ស្តីពី​ស្ថានភាព​ឧតុនិយម​​ឈ្មោះ “Mazu”ឱ្យ​អនុវត្ត​និង​ប្រើ​ប្រាស់​​នៅប្រទេស​ចំនួន​៣០ ។​វិធានការទាំង​៣នេះនឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​កាន់​តែ​ច្រើនតាមរយៈ​បញ្ញា​សិប្ប​និមិ្មត​ ។

ផលិតផល​ឈានមុខ​ផ្នែក AI ជាង ៣០០ មុខ​បានចេញផ្សាយ​ជាលើកដំបូង​នៅទូទាំង​ពិភព​លោក​ ភ្ញៀវកិត្តិយស​ចិននិង​អន្តរជាតិចំនួន​ជាង១៤០០​រូបដែល​ចូលរួមកិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​និន្នាការ​ AI សកលនៅ​ក្នុងវេទិកា​ជាង១៤០លើក ហេតុអ្វី​បាន​ជា​កិច្ចប្រជុំ​បញ្ញា​ សិប្ប​និមិ្មត​ពិភពលោកលើក​នេះ​បាន​ទាក់ទាញ​ក្រសែ​ភ្នែក​នៃ​ពិភពលោកទាំង​មូល​​ គឺ​មិន​ត្រឹម​តែ​ដោយសារចិន​បង្ហាញពី​សមត្ថភាពច្នៃប្រឌិតថ្មី​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ដោយសារ​ចិន​ខិតខំប្រឹងប្រែង​ក្នុងការផ្តល់​ផលិតផល​សាធារណៈ​អន្តរជាតិ​ជាប់​រហូត​មក​​ផងដែរ ។ ​

ចិន​រីក​រាយ​ធ្វើកិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បីជំរុញ​បញ្ញាសិប្បនិម្មិត​សកល​ឱ្យឆ្ពោះទៅរក​ភាពល្អប្រសើរ​ និងធ្វើឱ្យ​វាក្លាយជា​កម្លាំងវិជ្ជមាន​ដ៏ខ្លាំងក្លាពិត​ប្រាកដ ដើម្បី​បង្កើន​សុខុមាលភាព​របស់​មនុស្សជាតិទាំង​មូល ក៏​ដូចជា​ជំរុញ​វឌ្ឍនភាពនៃ​អរិយធម៌​មនុស្ស​ជាតិ ៕

To Top