ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូធី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ប្រកាសថា នឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹក ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត

បរទេស៖ ក្រុមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេនឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការបើកការប្រឈមថ្មីមួយទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយក៏កំពុងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រផងដែរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការកើនឡើងកម្តៅនេះបានកើតឡើងបន្ទាប់ពីដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីថ្ងៃច័ន្ទ មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានកំណត់អត្តសញ្ញាណទាហានអាមេរិកពីររូប ដែលបានបាត់បង់ជីវិត នៅពេលដែលអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកមួយកន្លែងក្នុងប្រទេសហ្សកដានីកាលពីថ្ងៃសុក្រ ខណៈដែលពួកគេក៏បាននិយាយផងដែរថា ពួកគេបានរកឃើញសំណល់សាកសពដែលមិនទាន់ស្គាល់អត្តសញ្ញាណ ដែលអាចជាសាកសពរបស់ទាហានអាមេរិកទីបី ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅក្នុងសកម្មភាពប្រយុទ្ធ។ ដោយឡែកពីគ្នា សមាជិកកងទ័ពទីបួនម្នាក់ទៀត ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អំឡុងពេលធ្វើ “ការកម្ទេចដោយគ្រប់គ្រងលើគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីដ្រូនវាយប្រហារឯកទិស (one-way attack drone) របស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់”។

បន្ទាប់ពីក្រុមហ៊ូធីបានប្រកាសពីការបិទផ្លូវទឹករបស់ពួកគេ សម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងឆ្លើយតបទៅកាន់ពួកគេវិញដោយប្រើកម្លាំងបាយ ហើយខ្លួនក៏បានចាប់ផ្តើមអនុវត្តវិធានការការពារសម្រាប់នាវារបស់ខ្លួន ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ បាប់ អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវនាំចេញដ៏សំខាន់សម្រាប់ប្រេងរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការបិទច្រកសមុទ្រ ហរមូស (Strait of Hormuz) ជាធរមាន។

ក្រុមហ៊ូធីបានធ្វើការប្រកាស ទោះបីជាមានសញ្ញាបង្ហាញថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចង់បន្តកិច្ចសន្ទនាការទូតឡើងវិញ ដើម្បីបញ្ឈប់វដ្តនៃការវាយប្រហារដ៏អាក្រក់ ដែលស្ទើរតែបានបំផ្លាញកិច្ចព្រមព្រៀងបណ្តោះអាសន្នដ៏ផុយស្រួយ ដែលបានចុះហត្ថលេខាកាលពីខែមុនក៏ដោយ។ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ក្រុមអ្នកសម្របសម្រួលបានដាក់ជូន “សំណើ” ទៅកាន់ទីក្រុងតេអេរ៉ង់ ដែលជាសញ្ញាបង្ហាញថា ទំនាក់ទំនងការទូតនៅតែបន្តមានសកម្មភាព ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ប្រែសម្រួលៈ ណៃ តុលា

To Top