ព័ត៌មានអន្តរជាតិ

តម្លៃប្រេង បានធ្លាក់ចុះបន្តិច ក្នុងពេលដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ខណៈដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធៀបនឹងការ វាយប្រហារតបតគ្នាជាថ្មីរវាងភាគីទាំងពីរ និងការគំរាមកំហែងដាក់ទណ្ឌកម្មបិទ ផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានថយចុះ ៧៨ សេន ឬ ០.៩% មកនៅត្រឹម ៨៨.៤៤ ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ៧៣ សេន ឬ ០.៩% មកនៅត្រឹម ៨២.៥០ ដុល្លារក្នុងមួយបារ៉ែល ។

ក្រុមអ្នកវិភាគមកពីធនាគារ ING បានគូសបញ្ជាក់នៅក្នុងកំណត់ចំណាំមួយថា៖ «មានក្តីសង្ឃឹមខ្លះៗនៃការបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ របាយការណ៍នានាបានបង្ហាញថា ក្រុមអ្នកសម្របសម្រួលកំពុងស្នើឱ្យមានការឈប់បាញ់គ្នារយៈពេល ១០ ថ្ងៃ ដែលអាចជួយឱ្យអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រឡប់មកដំណើរការតាមផ្លូវដើមវិញ» ដោយពួកគេចង់សំដៅទៅលើកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមិថុនា។

ទោះជាយ៉ាងណាក៏ដោយ ING បានបន្ថែមថា វាមិនមែនជារឿង ងាយស្រួលនោះទេ ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងធំធេង នៅតែបន្តមានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ខណៈពេលដែលលោក ត្រាំ បានព្រមានពីការសងសឹកវិញ បន្ទាប់ពីទាហានអាមេរិកជាច្រើនរូបបានបាត់បង់ជីវិត ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា ទីក្រុងតេអេរ៉ង់បានទទួលសំណើ ពីក្រុមអ្នកសម្របសម្រួល សម្រាប់ការឈប់បាញ់គ្នា រយៈពេល ១០ ថ្ងៃ ក្នុងកិច្ចប្រឹងប្រែង ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៧ ខែមិថុនា ដែលមានបំណងបើកផ្លូវឆ្ពោះ ទៅរកកិច្ចព្រមព្រៀងយូរអង្វែងមួយ ដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ តាមរយៈការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

To Top