Feature

រដ្ឋមន្រ្តីប្រេងរបស់អ៊ីរ៉ាក់ថា ការចុះកិច្ចព្រមព្រៀងប្រេងជាមួយក្រុមហ៊ុនអាមេរិក មានតម្លៃរហូតដល់ ២០០ពាន់លានដុល្លារ

បរទេស៖ រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងក្រសួងប្រេង និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាលី អាល់ហ្សៃឌី (Ali al-Zaidi) ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ រដ្ឋមន្ត្រីក្រសួងប្រេង លោក បាស៊ីម ម៉ូហាម៉េដ (Basim Mohammed) បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះនឹងជួយបង្កើនសមត្ថភាពផលិតកម្មប្រេងយ៉ាងខ្លាំង ក៏ដូចជាបង្កើនការវិនិយោគលើគម្រោងឧស្ម័នដែលពាក់ព័ន្ធ ផងដែរ។

លោកក៏បានបន្តទៀតថា សមត្ថភាពផលិតកម្មប្រេងបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ាក់ គឺស្ថិតនៅក្នុងកម្រិត ៤,៨ លានបារ៉ែលក្នុងមួយថ្ងៃ។
ប្រទេសអ៊ីរ៉ាក់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដូចគ្នានឹងបណ្តាប្រទេសផលិតប្រេងជាច្រើនទៀតដែរ ពោលគឺការទាក់ទាញការវិនិយោគ និងការពង្រីកផលិតកម្ម ខណៈពេលដែលត្រូវបន្តស្ថិតនៅក្រោមការកម្រិតទិន្នផលផលិតកម្មរបស់ក្រុមប្រទេសផលិតប្រេង OPEC+។

ទោះបីជាប្រទេសអ៊ីរ៉ាក់មានទុនបម្រុងប្រេងឆៅធំបំផុតមួយក្នុងចំណោមទុនបម្រុងធំបំផុតនៅលើពិភពលោកក៏ដោយ ប៉ុន្តែការរឹតបន្តឹងលើផលិតកម្មដែលមានតាំងពីយូរយារណាស់មកហើយនោះ បានធ្វើឱ្យមហិច្ឆតាក្នុងការបង្កើនចំណូល ដើម្បីគាំទ្រដល់ចំនួនប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស មានភាពស្មុគស្មាញយ៉ាងខ្លាំង។

ប្រែសម្រួលៈ ណៃ តុលា

To Top