សហរដ្ឋអាមេរិក បញ្ចប់ការវាយប្រហារយប់ទី១១ ជាប់ៗគ្នាលើប្រទេសអ៊ីរ៉ង់ ក្នុងពេលដែលទាហានអាមរិកស្លាប់កើនដល់១៨នាក់
បរទេស៖ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំចុងក្រោយបង្អស់លើប្រទេសអ៊ីរ៉ង់ ដែលការវាយប្រហារនេះបានកត់សម្គាល់នូវរលកនៃការវាយប្រហាររបស់អាមេរិកចំនួន ១១យប់ជាប់ៗគ្នា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងការវាយប្រហារនោះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្លាំងរបស់ CENTCOM បានកំណត់គោលដៅលើមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងទុកយន្តហោះ ទីតាំងផ្ទុកដ្រូន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធា ដើម្បីកាត់បន្ថយបន្ថែមទៀតនូវសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ ហរមូស (Strait of Hormuz)»។
យោងតាមកងទ័ពសហរដ្ឋអាមេរិក ការវាយប្រហារកាលពីយប់ថ្ងៃអង្គារនោះ បានអូសបន្លាយពេលប្រហែល ៧៥ នាទី។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា អ៊ីរ៉ង់បានវាយប្រហារលើនាវាពាណិជ្ជកម្មជាង ៣០ គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហរមូស ក្នុងរយៈពេលបីខែចុងក្រោយនេះ។
សង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានឆ្លើយតបវិញតាមរយៈការវាយប្រហារផ្ទាល់ខ្លួនលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិកតាំងនៅ។
ការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ក្នុងកំឡុងសង្គ្រាមនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវបាត់បង់ទីជម្រក។
មន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ម្នាក់បានថ្លែងថា ជនស៊ីវិលចំនួន ៥០ នាក់ត្រូវបានសម្លាប់ និង ៥០០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។ ចំណែកឯចំនួនទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្គ្រាមនេះ បានកើនឡើងដល់ ១៨ នាក់ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្តេជ្ញានឹងសងសឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឆ្លងកាត់ចុងសប្តាហ៍ដ៏បង្ហូរឈាមមួយសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន លោក ត្រាំ ក៏បានគំរាមពង្រីកគោលដៅវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងរោងចក្រថាមពល និងស្ពាននានាផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា









