ព័ត៌មានអន្តរជាតិ

ក្រុមប្រដាប់អាវុធធុនធ្ងន់ នៅភាគខាងត្បូងថៃ បើកការបាញ់ប្រហារ សម្លាប់កងសន្តិសុខថៃអស់៥នាក់ និងរបួសជនស៊ីវិល ៥នាក់ផ្សេងទៀត

បរទេស៖ កងកម្លាំងសន្តិសុខ ចំនួនប្រាំនាក់ត្រូវបានសម្លាប់ និងប្រជាជនស៊ីវិលប្រាំនាក់ទៀតបានរងរបួស នៅពេលដែលក្រុមប្រដាប់អាវុធធុនធ្ងន់ មួយក្រុមជិះលើរថយន្តភីកអាប់ (Pickup) បានបាញ់ប្រហារលើប៉ុស្តិ៍ ត្រួតពិនិត្យសន្តិសុខមួយកន្លែង ក្នុងស្រុក Rangae នៃខេត្ត Narathiwat ព្រំដែនភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមបញ្ជាការដ្ឋាន ជួរមុខភូមិភាគ៤ នៃអគ្គបញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុង (ISOC) បានឱ្យដឹងថា បុរសស្លៀកពាក់ខ្មៅចំនួនប្រាំមួយនាក់ ជិះរថយន្តភីកអាប់ម៉ាក Nissan ពណ៌ខ្មៅ បានបើកការបាញ់ប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យ Bukeh Sami ក្នុងឃុំ (tambon) Tanyong Mat នៅវេលាម៉ោង ៦:៤៥ នាទីល្ងាច ដោយបានបាញ់កាំភ្លើង និងគប់គ្រាប់បែកកែច្នៃ (Pipe bombs)។

អ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារនោះ រួមមាន នាយចំណានថ្នាក់ទី១ និងកងកម្លាំងសន្តិសុខស្ម័គ្រចិត្តបួននាក់ ចំណែកឯប្រជាជនស៊ីវិលដែលរងរបួសទាំងប្រាំនាក់ ក្នុងនោះរួមមានក្មេងប្រុសពីរនាក់ផងដែរ។

ក្រោយមក ក្រុមអ្នកវាយប្រហារបានបើក រថយន្តរត់គេចខ្លួនតាមផ្លូវហាយវ៉េលេខ ៤០៥៥ សំដៅទៅឃុំ Dusongyor។ អាជ្ញាធរសន្តិសុខកំពុងធ្វើការតាមប្រមាញ់ ក្រុមអ្នកវាយប្រហារទាំងនោះហើយ។

ហេតុការណ៍ហិង្សានេះ បានកើតឡើងបន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែកបង្កប់ក្នុងរថយន្ត (Car bomb) មួយកន្លែង នៅក្បែរប៉ុស្តិ៍ប៉ូលីសក្នុងស្រុក Muang នៃខេត្ត Narathiwat កាលពីយប់ថ្ងៃអង្គារ។
ប្រែសម្រួលៈ ណៃ តុលា

To Top