Feature

ប្រធាន IMO ថ្កោលទោសការវាយប្រហារឡើងវិញ លើការដឹកជញ្ជូនអន្តរជាតិ នៅសមុទ្រក្រហម

ឡុងដ៍៖ ការវាយប្រហារឡើងវិញលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហមគឺ “មិនអាចការពារបាន” និងគំរាមកំហែងដល់អាយុជីវិតនាវិក សន្តិសុខពាណិជ្ជកម្មតាមសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល នេះបើយោងតាមលោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ ហៅកាត់ថា IMO។

លោក Dominguez បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារចុងក្រោយបំផុត ដែលបានរាយការណ៍លើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហម។ ការវាយប្រហារទាំងនេះ គឺមិនអាចការពារបាន”។

លោកបានសង្កត់ធ្ងន់ថា នាវិកគឺជាជនស៊ីវិលដែលធ្វើការងារសំខាន់ៗដែលគាំទ្រដល់សេដ្ឋកិច្ច និងសហគមន៍ទូទាំងពិភពលោក ហើយបានជំរុញឱ្យប្រតិបត្តិករនាវា “វាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់” មុនពេលឆ្លងកាត់តំបន់នេះ។ លោកបានលើកឡើងថា “នាវិកមិនត្រូវដាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ឬកំណត់គោលដៅក្នុងស្ថានភាពជម្លោះ ឬអស្ថិរភាពឡើយ”។

លោក Dominguez ក៏បានបន្តការអំពាវនាវរបស់លោកសម្រាប់ការដោះលែងនាវិកទាំងអស់ ដែលនៅតែត្រូវបានឃុំខ្លួនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីការវាយប្រហារតាមសមុទ្រនៅក្នុងសមុទ្រក្រហម និងតំបន់ឈូងសមុទ្រអាដិន ដោយថាសុវត្ថិភាពរបស់ពួកគេ គឺជា “កាតព្វកិច្ចជាមូលដ្ឋានក្រោមច្បាប់អន្តរជាតិ និងជាការទទួលខុសត្រូវរួមគ្នារបស់សហគមន៍ពិភពលោក”។

លោកបានបន្ដថា “សមុទ្រក្រហមគឺជាច្រករបៀងសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ” ដោយព្រមានថាការវាយប្រហារជាបន្តបន្ទាប់លើការដឹកជញ្ជូនទំនិញប្រឈមនឹងការកើនឡើងនៃភាពតានតឹង ការរំខានដល់ផ្លូវពាណិជ្ជកម្មបន្ថែមទៀត និងធ្វើឱ្យខូចដល់សេរីភាពនៃការធ្វើនាវាចរណ៍។ លោក បានបន្ថែមថា “ការកាត់បន្ថយភាពតានតឹង គឺជាដំណោះស្រាយតែមួយគត់”។

នៅក្នុងនោះដែរ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការបំពុលដែលអាចកើតមានដែលបណ្តាលមកពីឧប្បត្តិហេតុថ្មីៗនៅក្នុងសមុទ្រក្រហម និងឧប្បត្តិហេតុមុនៗនៅក្នុងច្រកសមុទ្រហ័រមូស។ លោកបានបញ្ជាក់ថា “IMO នឹងបន្តតាមដានស្ថានភាព និងត្រៀមខ្លួនជាស្រេចដើម្បីជួយតាមការចាំបាច់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top