យោធាអាមេរិកថា អាមេរិក និង អារ៉ាប៊ីសាអូឌីត រួមគ្នាវាយប្រហារ តាមអាកាសប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ដែលស្និទ្ធនឹងអ៊ីរ៉ង់ នៅប្រទេសអ៊ីរ៉ាក់
បេទេស៖ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត នៅប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលស្និទ្ធនឹងប្រទេសអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា បញ្ជាការដ្ឋានកណ្តាលអាមេរិក (U.S. Central Command) បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា «បញ្ជាការដ្ឋានកណ្តាលអាមេរិក និងកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត បានធ្វើការវាយប្រហារយ៉ាង ចំគោលដៅនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ២៨ ខែកក្កដា ប្រឆាំងនឹងក្រុមភេរវករស្និទ្ធនឹងអ៊ីរ៉ង់ ដែលត្រូវបានបញ្ជាដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ឱ្យវាយប្រហារលើកងកម្លាំងអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត»។
យោធាអាមេរិកបានបន្តថា ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកទាំងនោះ មិនបានសម្រេចជោគជ័យឡើយ។
ប្រែសម្រួលៈ ណៃ តុលា









