តម្លៃប្រេងឆៅបានធ្លាក់ចុះ ៥% ដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរប្រជាប្ដាហ៍ បន្ទាប់ពីគ្មានការវាយប្រហារ គ្នារវាងអាមេរិក និងអ៊ីរ៉ង់អស់រយៈពេលជាច្រើនថ្ងៃ
បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រមាណ ៥% កាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរប្រជាប្ដាហ៍ ដោយសារក្តីសង្ឃឹមដោយប្រុងប្រយ័ត្នថា ការផ្អាកការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានទៅរកកិច្ចចរចា ដើម្បីបញ្ចប់សង្គ្រាម ទោះបីជាការផ្អាកនាពេលកន្លងមក បានបង្ហាញត្រឹម តែជាការបណ្ដោះអាសន្នក៏ដោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤.២៧ ដុល្លារ ឬ ៤.៨% ដោយបិទបញ្ជីក្នុងតម្លៃ ៨៤.០៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៣.៣៥ ដុល្លារ ឬ ៤.១% ដោយបិទបញ្ជីក្នុងតម្លៃ ៧៩.២៦ ដុល្លារ។
បន្ទាប់ពីបានធ្លាក់ចុះប្រមាណ ១៦% ក្នុងរយៈពេលបីថ្ងៃមក តម្លៃប្រេង Brent បានបិទនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី ១៣ ខែកក្កដា ហើយប្រេង WTI បានបិទនៅកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី ១៦ ខែកក្កដា។
ទោះបីជាភាគីទាំងពីរអាមេរិកនិងអ៊ីរ៉ង់ បានឈប់វាយប្រហារគ្នា ទៅវិញទៅមកក៏ដោយ ក៏ពួកគេនៅឆ្ងាយពីការដោះស្រាយ លើការខ្វែងគំនិតគ្នា របស់ពួកគេ ដែលបាននាំឱ្យមានការបិទច្រកសមុទ្រ Hormuz ជាផ្លូវការ ដែលកាលពីមុនសង្គ្រាម ត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំ នៃពត់ផ្គត់ផ្គង់ប្រេងសកល។
ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានស្វែងរកការស្តារកិច្ចចរចាជាមួយសហរដ្ឋអាមេរិកឡើងវិញនោះទេ ដែលផ្ទុយពីការថ្លែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានរាយការណ៍ថា មាន «កិច្ចចរចាដ៏ល្អ» កំពុងដំណើរការ។ លោក ត្រាំ បានធ្វើការថ្លែងបែបនេះ ជាច្រើនលើកច្រើនសារ រួមជាមួយការគំរាមកំហែងថា នឹងធ្វើការវាយប្រហារឡើងវិញ ប៉ុន្តែភាគីអ៊ីរ៉ង់នៅតែរក្សាជំហររឹងមាំដដែល។
ប្រែសម្រួលៈ ណៃ តុលា









