Feature

កម្ពុជា-បារាំង បន្តជំរុញកិច្ចប្រតិបត្តិការលើវិស័យកសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត ផ្លរ៉េន ទីវ៉េត ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD) បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស។

 លោកបណ្ឌិត ផ្លរ៉េន ទីវ៉េត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេល ១២ឆ្នាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកបណ្ឌិត នូវក្នុងការខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្មប្រកបដោយលទ្ធផលផ្លែផ្កា និងជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង សំដៅកសាងទំនុកចិត្តនិងទំនាក់ទំនងជាមួយគ្នា ជាពិសេសការគាំទ្រនូវការស្រាវជ្រាវក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តី ឌិត ទីណា និងលោកបណ្ឌិត ផ្លរ៉េន ទីវ៉េត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ការធ្វើទំនើបកម្មកសិកម្ម និងការលើកកម្ពស់ការស្រាវជ្រាវ តាមរយៈបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាដ៏មានសារៈសំខាន់ នាពេលបច្ចុប្បន្ននិងពេលអនាគត៕

To Top