បទវិភាគ៖ ពី”រោងចក្រពិភពលោក”ដល់”ទីបណ្តុំនវានុវត្តន៍សកល” តើ”ផលិតផលថ្មីបំផុតចំនួនបី”បង្កើតជាថ្មីឡើងវិញនូវមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនតាមរបៀបណា
មួយរយៈពេលកន្លងមកនេះ ”ផលិតផលថ្មីបំផុតចំនួនបី”ដែលបង្កើតឡើងដោយមនុស្សយន្ត បញ្ញាសិប្បនិម្មិត(AI)និងឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គមបរទេសដែលបានក្លាយជានាមប័ណ្ណថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មាន NBC អាមេរិកបានដកស្រង់លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៥ ខែកក្កដាថា ទស្សនៈដែល”ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការដែលអាចជឿទុកចិត្តបំផុត”កំពុងត្រូវទទួលស្គាល់ពីតំបន់ជាច្រើនលើទូទាំងពិភពលោក ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់យកកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ការធ្វើបរិវត្តកម្មបៃតង សមត្ថភាពផលិតកម្មបៃតងដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងបានបង្កើតជា”ផលិតផលថ្មីទាំងបី”នៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងឱបក្រសោបយ៉ាងសកម្មនូវនិន្នាការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត(AI)និងវិទ្យាសាស្ត្រជីវិតដែលបានជំរុញការកើនឡើងយ៉ាងឆាប់រហ័សនៃ”ផលិតផលថ្មីបំផុតទាំងបី”និងជំរុញការធ្វើបរិវត្តកម្មពី”ការផលិតដោយប្រទេសចិន”ទៅកាន់”ការផលិតដោយតម្រិះប្រាជ្ញាចិន” ។
តើ”ផលិតផលថ្មីបំផុតទាំងបី”ទទួលបានប្រជាប្រិយភាពយ៉ាងណានៅទូទាំងពិភពលោក? នៅឆមាសទីមួយឆ្នាំ ២០២៦ ការនាំចេញមនុស្សយន្តខាងវិស័យឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើង ១៨,៦ ភាគរយដែលត្រូវបាននាំចេញទៅដល់ប្រទេសនិងតំបន់ ចំនួន១៤១ នៅទូទាំងពិភពលោក ហើយការនាំចេញមនុស្សយន្តវះកាត់បានកើនឡើង ៣,៣ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ។ យោងតាម វេទិកា OpenRouter ដែលជាវេទិកាប្រមូលផ្តុំម៉ូដែល AI សកលបង្ហាញឱ្យឃើញថា បរិមាណប្រើប្រាស់ឯកតាទិន្នន័យ(Token)ម៉ូដែលធំចិនក្នុងសប្តាហ៍ទីបីនៃខែកក្កដា ឆ្នាំ ២០២៦ បានលើសពី ៣៦,១១ ទ្រីលាន ដែលបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ១២ សប្តាហ៍ជាប់ៗគ្នា ។ នៅឆមាសទីមួយ ឆ្នាំ ២០២៦ ឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនសុទ្ធតែបានស្រាវជ្រាវនិងអភិវឌ្ឍដោយសហគ្រាសផលិតឱសថចិន ជាមួយគ្នានេះដែរ ទំហំជួញដូរនៃអាជ្ញាប័ណ្ណទូទៅដែលផ្តល់សិទ្ធិទៅក្រៅប្រទេសដោយឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិនមានចំនួនប្រហែល ១១០ ពាន់លានដុល្លារអាមេរិក ។ ការអភិវឌ្ឍយ៉ាងផុលផុសនៃ”ផលិតផលថ្មីបំផុតទាំងបី”បានបង្ហាញថា ប្រទេសចិនកំពុងសម្រេចការធ្វើបរិវត្តកម្មពី”ការផលិតដោយប្រទេសចិន”ទៅជា”ការផលិតដោយតម្រិះប្រាជ្ញាចិន”ថែមមួយកម្រិតទៀត ។

តើការលោតផ្លោះដ៏គួរឱ្យកត់សម្គាល់បែបនេះ គឺបានមកពីណា ? មួយផ្នែក គឺបានមកពីការក្តាប់ជាប់យ៉ាងជ្រាលជ្រៅនិងការប្រតិបត្តិយ៉ាងសកម្មរបស់ប្រទេសចិនចំពោះបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនិន្នាការទូទៅនៃការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ។ មួយផ្នែកទៀត គឺស្ថិតនៅត្រង់ថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការជំរុញភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ។ ”ផលិតផលថ្មីបំផុតទាំងបី”បានបំពេញបន្ថែមនូវកម្លាំងចកលរថ្មីសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយក៏បាននាំមកនូវកំណើនថ្មីដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀតផងដែរ ។ ព្រមពេលជាមួយគ្នានេះ ”ផលិតផលថ្មីបំផុតទាំងបី”របស់ប្រទេសចិនបានកាត់បន្ថយយ៉ាងខ្លាំងនូវលក្ខខណ្ឌសម្រាប់ទទួលបានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខដែលបាននាំមកនូវបច្ចេកទេសដ៏ជឿនលឿនដែលកាន់តែអាចក្តាប់ជាប់បាននិងការចែករំលែកសមិទ្ធផលជាមួយគ្នាដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ ។
នាពេលថ្មីៗកន្លងទៅនេះ អង្គការសហប្រតិបត្តិការខាងបញ្ញាសិប្បនិម្មិតពិភពលោកបានបង្កើតឡើងនៅទីក្រុងសៀងហៃដែលជានិមិត្តសញ្ញាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ប្រការនេះនឹងបង្រួបបង្រួមសហគមន៍អន្តរជាតិដើម្បីជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ។
ភាពបើកទូលាយនាំមកនូវវឌ្ឍនភាព ការបិទខ្ទប់ប្រាកដជានាំមកនូវភាពអន់ថយជាក់ជាមិនខាន ។ ”ផលិតផលថ្មីបំផុតទាំងបី”កំពុងដឹកនាំការអភិវឌ្ឍនៅពេលអនាគតតាមរយៈភាពវៃឆ្លាតដែលមិនត្រឹមតែជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញវិបុលភាពរួមនៃបណ្តាប្រទេសនានា ។ ប្រការទាំងនេះបានបញ្ជាក់យ៉ាងខ្លាំងម្តងទៀតថា អ្វីដែលការអភិវឌ្ឃរបស់ចិនបាននាំមកដល់ពិភពលោកមិនមែនជាផលប៉ះពាល់ទេ តែគឺជាកាលានុវត្តភាព ហើយមិនមែនជាការគំរាមកំហែងទេ តែគឺជាការផ្តល់កម្លាំងចលករ ៕









