បទវិភាគ៖ ខណៈពេល“ឱកាសចិន ២.០”បានក្លាយជាគំនិតឯកភាពរួម អ្វីដែលហៅថា“អតិរេកផលិតកម្ម”គ្រាន់តែជាការព្រួយបារម្ភខាងនយោបាយប៉ុណ្ណោះ
ប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីការពារកម្លាំងប្រកួតប្រជែងឧស្សាហកម្មនិងតួនាទីក្នុងទីផ្សាររបស់ខ្លួន អង្គភាពសេដ្ឋកិច្ចប៉ែកខាងលិចមួយចំនួនបានប្រែបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ដែលបានឃោសនាបំប៉ោងពីបញ្ហាដែលហៅថា“អតិរេកផលិតកម្ម”របស់ចិន “ការវាយប្រហារពីប្រទេសចិន២.០”ជាដើម ហើយបានដាក់ចេញវិធានការផ្នែកគាំពារនិយមគ្រប់បែបយ៉ាងក្រោមលេសនេះ ។ ប៉ុន្តែ តើការពិតជាក់ស្តែងមានសភាពយ៉ាងណា ? ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយឯកសារ«គោលជំហររបស់ចិនអំពីអ្វីដែលហៅថា“បញ្ហាអតិរេកផលិតកម្ម”» ដោយប្រើប្រាស់ទិន្នន័យលម្អិតនិងករណីជាក់ស្តែង ដើម្បីផ្តល់បង្អួចដល់សហគមន៍អន្តរជាតិក្នុងការប្រើក្រសែភ្នែកសត្យានុម័តនិងគ្រប់ជ្រុងជ្រោយទៅមើលផលិតភាពសកល និងអ្វីដែលហៅថា“អតិរេក”។

តើអ្វីទៅដែលហៅថា“អតិរេកផលិតកម្ម”?បច្ចុប្បន្ននេះ ពិភពលោកទាំងមូលនៅមិនទាន់ឈានដល់គំនិតឯកភាពរួមជាទូទៅឡើយទេ ដូច្នេះ ត្រូវគិតពិចារណាលើបញ្ហានេះដោយឡែកពីគ្នាតាមសភាពការណ៍ប្រទេសនីមួយៗ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោក នៅឆ្នាំ២០២៥ អត្រាប្រើប្រាស់ផលិតភាពនៃសហគ្រាសឧស្សាហកម្មធុនធំនិងមធ្យមរបស់ចិនគឺ៧៤,៤ភាគរយ ដែលស្ថិតក្នុងចន្លោះសមរម្យ ។
ឧទាហរណ៍ សំដៅចំពោះពាក្យសម្តីខុសឆ្គងដែលហៅថា “ឧបត្ថម្ភកធននៃឧស្សាហកម្មចិនបណ្តាលឱ្យកើតមានបញ្ហាអតិរេកផលិតកម្ម” ឯកសារនេះបានលើកឡើងយ៉ាងច្បាស់ថា របាយការណ៍ជាច្រើនច្បាប់នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ នៅទូទាំងពិភពលោក បានដាក់ចេញគោនយោបាយគាំទ្រឧស្សាហកម្មកាន់តែច្រើនឡើងៗ ការផ្តល់ឧបត្ថម្ភកធនដល់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ ការផ្តល់អនុគ្រោះពន្ធគយជាដើម សុទ្ធតែជាវិធីសាស្ត្រដែលប្រើប្រាស់ជាទូទៅលើផ្ទៃអន្តរជាតិ ។ និយាយចំពោះប្រទេសចិនវិញ ជានិច្ចកាល ប្រទេសចិនតែងតែគោរពច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោកយ៉ាងតឹងរ៉ឹង ព្រមទាំងបានខិតខំប្រឹងប្រែងដើម្បីបង្កើតនិងធ្វើឱ្យសុក្រឹតភាពនូវប្រព័ន្ធឧបត្ថម្ភកធនដែលសមស្របនឹងទំនៀមទម្លាប់អន្តរជាតិ។ ព្រមពេលជាមួយគ្នានេះ គោលនយោបាយឧបត្ថម្ភកធនចិនត្រូវបានអនុវត្តដោយស្មើភាពចំពោះប្រតិបត្តិករទីផ្សារគ្រប់ប្រភេទ សហគ្រាសទុនបរទេសក៏បានចូលរួមយ៉ាងសកម្មដែរ ហើយទទួលបានអត្ថប្រយោជន៍ដូចគ្នា ។
សូមលើកយកឧទាហរណ៍មួយទៀត សំដៅចំពោះការដែលសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនចាត់ទុកអតិរេកពាណិជ្ជកម្មរបស់ទំនិញចិនយ៉ាងខ្លាំងជា“អតិរេកផលិតកម្ម” ឯកសារនេះក៏បានប្រើប្រាស់ករណីជាច្រើនដើម្បីបង្ហាញថា ពាក្យសម្តីនេះគ្មានភស្តុតាងទាល់តែសោះ។ បើមើលពីការបែងចែកអត្ថប្រយោជន៍ពាណិជ្ជកម្មអាចឃើញថា “អតិរេកគឺស្ថិតនៅក្នុងប្រទេសចិន ប៉ុន្តែបណ្តាភាគីនានាសុទ្ធតែទទួលបានផលប្រយោជន៍”។ នៅឆ្នាំ២០២៥ សហគ្រាសទុនបរទេសត្រូវជា ២៧ភាគរយក្នុងពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិន ហើយមានចំនួន១៦ភាគរយនៃអតិរេកពាណិជ្ជកម្ម ល្បឿនកំណើននៃអតិរេកនិងប្រាក់ចំណេញសុទ្ធតែខ្ពស់ជាងសហគ្រាសចិន ។ លើសពីនេះទៅទៀត ពាណិជ្ជកម្មសេវាកម្ម និងប្រាក់ចំណូលវិនិយោគរបស់ប្រទេសចិនសុទ្ធតែមានឱនភាព បើមើលជាទូទៅ អតិរេកនៃគណនីបច្ចុប្បន្នមានចំនួនប្រហែល៣,៧ភាគរយក្នុងGDP ស្ថិតនៅក្នុងចន្លោះសមហេតុផលដែលទទួលស្គាល់ជាទូទៅលើផ្ទៃអន្តរជាតិ។
បច្ចុប្បន្ននេះ រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធPVដែលជាតំណាងនៃ“ផលិតផលថ្មីចំនួនបី ”របស់ប្រទេសចិន ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់នៅទូទាំងពិភពលោក ព្រមពេលជាមួយគ្នានេះ បញ្ញាសិប្បនិម្មិត មនុស្សយន្ត និងឱសថច្នៃប្រឌិតថ្មី ដែលជាតំណាងនៃ “ផលិតផលថ្មីបំផុតចំនួនបី”ក៏ទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ដែលបានជំរុញយ៉ាងខ្លាំងនូវដំណើរកាបូនទាបនិងបៃតងសកល និងវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកទេស ។
អតិរេកផលិតកម្មជាបាតុភូតឌីណាមិកមួយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ដូច្នេះ អង្គភាពសេដ្ឋកិច្ចពាក់ព័ន្ធគួរប្រើក្រសែភ្នែកសត្យានុម័តទៅមើលបញ្ហានេះ។ ការទម្លាក់កំហុសទៅឱ្យប្រទេសចិនមិនអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះទេ។ នាពេលថ្មីៗកន្លងទៅនេះ ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវPewនិងអង្គការអន្តរជាតិជាច្រើនបានបង្ហាញថា នៅទូទាំងពិភពលោក ការវាយតម្លៃជាវិជ្ជមានចំពោះប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ។ ប្រការនេះបានបញ្ជាក់ថា ពាក្យសម្តីដ៏ខុសឆ្គងគ្រប់បែបយ៉ាងអំពីប្រទេសចិនមិនអាចបោកបញ្ឆោតប្រជាជនលើពិភពលោកនោះទេ ។ “ឱកាសចិន ២.០” ទើបគឺជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ៕









