អ៊ីរ៉ង់ បដិសេធថា មិនបានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្អាកការវាយប្រហារ ដូចការលេីកឡេីងរបស់លោក ត្រាំ នោះទេ
ប្រភពយោធាក៏បានពិពណ៌នាអំពីពាក្យសម្ដីរបស់លោក ត្រាំ នៅលើបណ្ដាញ Truth Social របស់លោកថាជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីដាក់សម្ពាធលើរដ្ឋឈូងសមុទ្រ ដោយថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួន និងត្រៀមខ្លួនរួចរាល់ហើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្ដែលោកបានព្រមានថា កងកម្លាំងអាមេរិក បានរៀបចំអាវុធរួចរាល់ហេីយ សម្រាប់ការវាយប្រហារថ្មីលេីអ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយនៅលើ Truth Social លោក ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក “ត្រូវបានចាក់សោរ និងផ្ទុកអាវុធរួចរាល់ហើយ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងកម្រិតនៃភាពភ័យរន្ធត់ខាងយោធា កម្លាំង និងអំណាចដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២”។
លោកបានលេីកឡេីងថា “ទោះបីជាយ៉ាងនេះក្តី យើងទើបតែត្រូវបានស្នើសុំដោយអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ឱ្យផ្អាកការវាយប្រហារណាមួយ ដែលព្រំដែននៃកិច្ចព្រមព្រៀងត្រូវបានព្រមព្រៀងគ្នា”។
លោកបានបន្ថែមថា “នេះនឹងរួមបញ្ចូលទាំងការបើកច្រកសមុទ្រហ័រមូស ភ្លាមៗ ពេញលេញ និងទាំងស្រុង និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់”។
លោក ត្រាំ ក៏បានព្រមានផងដែរថា ការសម្រេចចិត្តរបស់លោកគឺ “អាស្រ័យលើសមត្ថភាពក្នុងការធ្វើកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស”។
កាសែត Wall Street Journal កាលពីថ្ងៃសុក្របានដកស្រង់សម្តីមន្ត្រីអាមេរិកដែលថា លោក ត្រាំ «បានបញ្ជាឱ្យយោធាបើកការវាយប្រហារថ្មីមួយលើអ៊ីរ៉ង់ ដែលអាចចាប់ផ្តើមនៅចុងសប្តាហ៍នេះ និងមានរយៈពេលពីរ ឬបីថ្ងៃ»៕
ប្រែសម្រួល ឈូក បូរ៉ា
