ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា​ ដរាបណាសកម្មភាព អរិយភាពនៅតែមាន​ ច្រកសមុទ្រហ័រមូស​ គ្មានថ្ងៃបេីកឡេីងវិញទេ​

តេអេរ៉ង់៖​ រដ្ឋមន្ត្រីការពារជាតិស្តីទី របស់អ៊ីរ៉ង់ លោក Seyed Majid Ebn Al-Reza បានឧ្យដឹងថា​ ទីក្រុងតេអេរ៉ង់​ យល់ឃើញថា ការគំរាមកំហែងរបស់សត្រូវទាំងអស់ ពិតប្រាកដ និងគួរឱ្យកត់សម្គាល់​ ដោយបដិសេធការកំណត់លក្ខណៈណាមួយរបស់ពួកគេដែលថា​ វាគ្រាន់តែជាសង្គ្រាមផ្លូវចិត្តប៉ុណ្ណោះ ។

លោក Al-Reza បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានលេីកឡេីងពីមុនថា លោកបានយល់ព្រមផ្អាកការវាយប្រហារថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់។

នៅក្នុងសាររបស់លោកនៅលើ Truth Social លោក ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិក «បានចាក់សោរ និងផ្ទុកអាវុធរួចរាល់ហើយ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងកម្រិតនៃភេរវកម្មយោធា កម្លាំង និងអំណាច​ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២​» ប៉ុន្តែបានពន្យារពេលបន្ទាប់ពីត្រូវបាន «ស្នើសុំដោយអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត» ដោយលើកឡើងពីកិច្ចព្រមព្រៀងនាពេលខាងមុខ ដែលនឹងរួមបញ្ចូល «ការបើកច្រកសមុទ្រហ័រមូសភ្លាមៗ ពេញលេញ និងទាំងស្រុង និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមុននេះបានបង្ហាញថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់​ អាចចាប់ផ្តើមនៅចុងសប្តាហ៍នេះ។

ព័ត៌មាន Channel 12 របស់អ៊ីស្រាអែល​ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានយល់ព្រមលើកិច្ចព្រមព្រៀងសម្របសម្រួល​ ដែលសម្របសម្រួលដោយកាតា-សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យកប៉ាល់ចូលទៅក្នុងឈូងសមុទ្រឆ្លងកាត់ផ្នែកដែលគ្រប់គ្រងដោយអ៊ីរ៉ង់ និងចេញតាមរយៈដែនទឹកអូម៉ង់។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងក្រុមចរចាអ៊ីរ៉ង់ បានបដិសេធយ៉ាងឆាប់រហ័ស​ ចំពោះការអះអាងនេះ។

ទីភ្នាក់ងារសារព័ត៌មាន Fars ក៏បានដកស្រង់ប្រភពយោធាមួយថា ដរាបណា «សកម្មភាពអរិភាព និងព្យាបាទ» របស់សហរដ្ឋអាមេរិកនៅតែបន្ត ច្រកសមុទ្រហ័រមូស នឹងនៅតែបិទ ដោយនាវាត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តែតាមរយៈផ្លូវ​ ដែលកំណត់ដោយអ៊ីរ៉ង់ និងដោយមានការសម្របសម្រួល និងការអនុញ្ញាតពីកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top