Feature

ប្រជាជន ៦០.០០០នាក់ នៅទីក្រុងស្ពូខេន ក្នុងរដ្ឋវ៉ាស៊ីនតោន ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនចេញ ខណៈភ្លើងកំពុងឆាបឆេះលើផ្ទៃដីជាង ១០១.១៧១ ហិកតា ទូទាំងរដ្ឋវ៉ាស៊ីនតោន

បរទេស៖ ប្រជាពលរដ្ឋប្រមាណ ៦០.០០០ នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ខណៈដែលភ្លើងឆេះព្រៃកំពុងគំរាមកំហែងដល់ទីក្រុងស្ពូខេន (Spokane) ក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) ហើយយោងតាមមន្ត្រីមូលដ្ឋានបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ដោយបានបន្ថែមថា គ្រោះអគ្គិភ័យនៅក្នុងតំបន់នេះបានបំផ្លាញអគារចំនួន ៦០០ រួមទាំងផ្ទះសម្បែង និងអាជីវកម្មផងដែរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ប្រធានផ្នែកការពារអគ្គិភ័យទីក្រុង Spokane លោក តូម វីល្លៀមស៍ (Tom Williams) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ភ្លើងឆេះព្រៃនៅ Spokane Area Fire ដែលរួមមានភ្លើងឆេះដាច់ដោយឡែកពីគ្នាចំនួនបី កំពុងគំរាមកំហែងដល់តំបន់ដែលស្ថិតក្រោមបញ្ជាឱ្យជម្លៀសខ្លួន។

យោងតាមក្រុមការងារគ្រប់គ្រងឧប្បត្តិហេតុសហព័ន្ធបានឱ្យដឹងថា ភ្លើងឆេះព្រៃនេះបានឆាបឆេះផ្ទៃដីទំហំ ២.១៨០ ហិកតា រហូតដល់ថ្ងៃអាទិត្យ។ លោក វីល្លៀមស៍ បានមានប្រសាសន៍ថា ភ្លើងឆេះព្រៃនេះនៅមិនទាន់ត្រូវបានទប់ស្កាត់បាននៅឡើយទេ។

មន្ត្រីបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអាទិត្យថា គ្មានរបាយការណ៍អំពីការរបួស ឬស្លាប់នោះទេ។លោកស្រី លីសាប្រោន (Lisa Brown) អភិបាលក្រុង ស្ពូនខេន បានហៅហេតុការណ៍នេះថាជា «គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតដែលតំបន់របស់យើងធ្លាប់បានជួបប្រទះ»។

នាយកប្រតិបត្តិក្រុមហ៊ុន Avista Utilities លោកស្រី ហេតធើ រ៉ូនត្រាឌ័រ (Heather Rosentrader) បានឱ្យដឹងថា អតិថិជនអគ្គិសនីប្រមាណ ១០,០០០ នាក់នៅក្នុងតំបន់ មិនមានអគ្គិសនីប្រើប្រាស់នោះទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ។

មន្ត្រីរដ្ឋបានឱ្យដឹងថា ផ្ទៃដីជាង ១០១.១៧១ ហិកតា កំពុងឆេះទូទាំងរដ្ឋវ៉ាស៊ីនតោន៕

ប្រែសម្រួលៈ ណៃ តុលា

To Top