ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ និងអូម៉ង់​ កំពុងពិភាក្សាគ្នាបង្កេីតផ្លូវដឹកជញ្ជូនថ្មី​ ជំនួសឧ្យផ្លូវចាស់ នៃច្រកសមុទ្រហ័រមូស​

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានពិពណ៌នាអំពីកិច្ចចរចា​ ដែលកំពុងដំណើរការរវាងអ៊ីរ៉ង់ និងអូម៉ង់ថា “វិជ្ជមាន” ទាំងកម្រិតបច្ចេកទេស និងនយោបាយ ដោយផ្តោតលើការកំណត់ផ្លូវសុវត្ថិភាព​ សម្រាប់ការឆ្លងកាត់របស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស។

លោក Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ការចរចាកំពុងបន្ត ដោយថា អ៊ីរ៉ង់ស្វែងរកការបង្កើតយន្តការជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូន នាពេលអនាគតតាមរយៈច្រកសមុទ្រយុទ្ធសាស្ត្រ ។

លោកបានលេីកឡេីងថា ផ្លូវថ្មីណាមួយ ត្រូវតែការពារសិទ្ធិអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ទាំងអ៊ីរ៉ង់ និងអូម៉ង់ ដោយបន្ថែមថា លទ្ធផលចុងក្រោយនឹងត្រូវប្រកាស បន្ទាប់ពីការបញ្ចប់កិច្ចចរចា។

ទន្ទឹមនឹងនេះ ទូរទស្សន៍ Press ដែលគ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃអង្គារបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ថា នៅពេលដែលដំណើរការបាន ច្រករបៀងថ្មីនឹងជំនួសផ្លូវភាគខាងជើង និងភាគខាងត្បូងដែលមានស្រាប់។

មន្ត្រីរូបនោះបានពិពណ៌នា អំពីវិធានការនេះថា ជាការការពារ និង «ស្របទាំងស្រុងជាមួយ នឹងសិទ្ធិរបស់រដ្ឋអធិបតេយ្យណាមួយ ក្នុងការការពារដែនទឹក របស់ខ្លួនពីការគំរាមកំហែងពីខាងក្រៅ»។

អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនៅថ្ងៃទី២៨​ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top