ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារលើ ទីតាំងឃ្លាំងយោធារបស់អ៊ុយក្រែន នៅក្នុងតំបន់ Odessa

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្នុង Odessa និងទីក្រុងក្បែរនោះ Chernomorsk ពេញមួយយប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដោយវាយលុកឃ្លាំងប្រេង និងកន្លែងដឹកជញ្ជូនទំនិញ ដែលប្រើសម្រាប់ផ្គត់ផ្គង់យោធាអ៊ុយក្រែនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ខ្លួននៅតែបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាដែលទាក់ទងនឹងយោធារបស់អ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ និងយន្តហោះគ្មានមនុស្សបើកពេញមួយយប់បានវាយប្រហារកន្លែងចាក់ប្រេង និងឃ្លាំងនៅក្នុងកំពង់ផែ Odessa ក៏ដូចជាឃ្លាំងស្រដៀងគ្នានៅ Chernomorsk ។

ខ្លួនបានបន្ថែមទៀតថា អាងស្តុកឥន្ធនៈដែលប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ក៏ត្រូវបានវាយប្រហារនៅជិតភូមិ Belyary និងNovye Belyary ផងដែរដែលស្ថិតនៅចម្ងាយប្រហែលជា២៧ គីឡូម៉ែត្រភាគឦសាននៃកំពង់ផែ Odessa ផងដែរ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយលុកពេញមួយយប់លើតំបន់ Odessa ពាក់ព័ន្ធនឹងមីស៊ីលផ្លោង Iskander-M/S-400 មីស៊ីលប្រឆាំងនាវា Onyx និងមីស៊ីលប្រឆាំងរ៉ាដា Kh-31P រួមជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន២០២ គ្រឿង។

ខ្លួនបានអះអាងទៀតថាបានទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន១៧៤គ្រឿង និងស្តុកគ្រាប់បែកចំនួន៥គ្រាប់ ប៉ុន្តែមិនបានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលណាមួយឡើយ។ ការបរាជ័យជាក់ស្តែង ក្នុងការទម្លាក់មីស៊ីលរុស្ស៊ីណាមួយ កើតឡើងនៅពេលដែលអ៊ុយក្រែន ជួបប្រទះការខ្វះខាតជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ការពារដែនអាកាស Patriot៕

ប្រែសម្រួល៖ ស៊ុន​ លី

To Top