“ផលិតផលថ្មីបំផុតទាំងបី” របស់ចិនដើរតួនាទីជាកម្លាំងចលករថ្មីដល់ពាណិជ្ជកម្មអន្តរជាតិ និងនាំមកនូវវិបុលភាពរួមសម្រាប់មនុស្សជាតិ
នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីប្រកបដោយគុណភាពខ្ពស់។ ក្នុងដំណាក់កាលនៃការអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) ការលេចឡើងនៃ “ផលិតផលថ្មីបំផុតទាំងបី” ដែលរួមមាន រ៉ូបូតចល័ត, បញ្ញាសិប្បនិម្មិត (AI) និងឱសថប្រកបដោយនវានុវត្តន៍ កំពុងដើរតួនាទីជាកម្លាំងចលករថ្មីដល់ការជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចចិន។

បន្ទាប់ពីការផ្តោតលើការនាំចេញរថយន្តថាមពលថ្មី ថ្មលីចូម និងផលិតផលដើរដោយថាមពលពន្លឺព្រះអាទិត្យ “ផលិតផលថ្មីបំផុតទាំងបី” ខាងលើ បង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រពី “ការផលិតនៅចិន” ទៅជា “ការផលិតដោយភាពវៃឆ្លាតរបស់ចិន” ពោលគឺការងាកចេញពី “ការផលិតដែលផ្អែកលើសមត្ថភាពផលិតកម្ម” ឆ្ពោះទៅរក “ការផលិតដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍”។
សម្រាប់ឆ្នាំនេះ សន្ទុះនៃការរីកចម្រើនរបស់ “ផលិតផលថ្មីបំផុតទាំងបី” បានបង្កើតប្រភពថ្មីនៃភាពប្រកួតប្រជែង និងការនាំចេញរបស់ចិន។ យោងតាមទិន្នន័យគយចិន ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរ៉ូបូតឧស្សាហកម្មបានកើនឡើង ១៨,៦% (ប្រមាណ ៩៣០ លានដុល្លារ) ដោយបានពង្រីកទីផ្សារទៅកាន់ ១៤១ ប្រទេស និងតំបន់។ ទន្ទឹមនឹងនេះ ការនាំចេញរ៉ូបូតវះកាត់បានកើនឡើងជាងបីដង ស្មើនឹងប្រមាណជាង ៧០ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ជាងនេះទៅទៀត ការអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិតខ្នាតធំ (AI Large Models) និងការធ្វើពាណិជ្ជកម្មឱសថប្រកបដោយនវានុវត្តន៍ ក៏កំពុងមានសន្ទុះយ៉ាងខ្លាំង ហើយបាននិងកំពុងចូលរួមចំណែកដល់ការបង្កើនសមត្ថភាពផលិតភាព និងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ រ៉ូបូតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម ហើយ AI ជួយធ្វើឱ្យសេវាកម្ម និងការស្រាវជ្រាវកាន់តែឆ្លាតវៃ ខណៈដែលឱសថប្រកបដោយនវានុវត្តន៍បានបង្កើតដំណោះស្រាយថ្មីៗសម្រាប់សុខភាពសាធារណៈ។
“ផលិតផលថ្មីបំផុតទាំងបី” ខាងលើ មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន និងប្រទេសចិនទេ តែក៏បានបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់តំបន់ និងពិភពលោកផងដែរ។ ជាក់ស្តែង ការប្រើប្រាស់យានយន្តរ៉ូបូតចល័តស្វ័យប្រវត្ត (AMRs) និងយានយន្តដឹកជញ្ជូនស្វ័យប្រវត្ត (AGVs) ក្នុងមជ្ឈមណ្ឌលបំពេញការបញ្ជាទិញ (fulfillment centers) ក្នុងប្រទេសអាស៊ានមួយចំនួន បាននិងកំពុងជួយឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ អាចបង្កើនប្រសិទ្ធភាពភស្តុភារកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល។ នេះបានបង្ហាញថា ការនាំចេញបច្ចេកវិទ្យាចិនមិនមែនគ្រាន់តែជាការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែននោះទេ តែក៏បានរួមចំណែកដល់ការកសាងសមត្ថភាព និងជំនាញ ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចក្នុងស្រុកនៃប្រទេសដៃគូផងដែរ។
ក្នុងរយៈពេលវែង ការរីកចម្រើននៃ “ផលិតផលថ្មីបំផុតទាំងបី” នឹងនាំមកនូវកាលានុវត្តភាពថ្មីក្នុងការកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងពង្រឹងការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងខ្សែច្រវាក់តម្លៃសកល។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនចិន ប្រទេសដៃគូនានានឹងទទួលបានព្រមទាំងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះស្របនឹងតម្រូវការជាតិរបស់ខ្លួន ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ការធ្វើទំនើបកម្មឧស្សាហកម្ម និងការពង្រឹងសមត្ថភាពសុខាភិបាលជាដើម។
សរុបមក “ផលិតផលថ្មីបំផុតទាំងបី” របស់ចិន មិនត្រឹមតែជាកម្លាំងចលករសម្រាប់កំណើន ក្នុងស្រុកទេ ប៉ុន្តែក៏រួមចំណែកដល់ការបង្កនផលិតភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោកផងដែរ។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការបើកទូលាយកម្រិតខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ “ផលិតផលថ្មីបំផុតទាំងបី” នឹងរួមចំណែកកាន់តែសំខាន់ដល់ការកាត់បន្ថយគម្លាតបច្ចេកវិទ្យា ព្រមទាំងនាំមកនូវផលប្រយោជន៍រួមសម្រាប់មនុស្សជាតិ។
ដោយ៖ លោក ហ៊ូ ចំរើន|អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
