វៀតណាមចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកធំជាងគេបំផុត សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Viettel
បរទេស៖ កាសែតយោធានៅប្រទេសវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានចាប់ផ្តើមផលិតអ្វីដែលគេពណ៌នាថា ជានាវាចម្បាំងប្រឆាំងនាវាមុជទឹកដែលផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតរបស់ប្រទេសនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា កាសែត Quan Doi Nhan Dan បានផ្សាយកាលពីល្ងាចថ្ងៃចន្ទថា នាវានេះ ដែលកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang ក៏នឹងមានអាវុធ និងឧបករណ៍យោធាភាគច្រើនរបស់ខ្លួនត្រូវបានអភិវឌ្ឍ ឬផ្គុំនៅក្នុងប្រទេសនេះដែរ។
ប្រទេសវៀតណាម ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រជាមួយចិន និងប្រទេសទាមទារសិទ្ធិកាន់កាប់ផ្សេងទៀតនៅសមុទ្រចិនខាងត្បូងជាយូរមកហើយ បាននឹងកំពុងស្វែងរកការពង្រីកសមត្ថភាពផលិតការពារជាតិក្នុងស្រុករបស់ខ្លួន ខណៈពេលដែលកាត់បន្ថយការពឹងផ្អែកលើសម្ភារៈយោធាដែលនាំចូលដែលភាគច្រើនមកពីប្រទេសរុស្ស៊ី។
គម្រោងនេះគូសបញ្ជាក់ពីគោលនយោបាយរបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិដែលមាន «ស្វ័យភាព ពឹងផ្អែកលើខ្លួនឯង ពង្រឹងខ្លួនឯង ប្រើប្រាស់បានពីរយ៉ាង និងទំនើប» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។
របាយការណ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលគ្រប់គ្រងដោយយោធា Viettel រួមជាមួយអង្គភាពស្រាវជ្រាវ និងផលិតការពារជាតិផ្សេងទៀត នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងទឹក និងក្រុមហ៊ុន Song Thu ក្នុងអំឡុងពេលសាងសង់នាវានេះ រួមទាំងការអភិវឌ្ឍ និងការដំឡើងអាវុធ និងឧបករណ៍ផងដែរ។
ប្រែសម្រួលៈ ណៃ តុលា
