Feature

ប៉ូឡូញ​ បង្ហាញនាវាចម្បាំងហ្វ្រីហ្គេតដំបូងក្រោមកម្មវិធីទំនើបកម្មកងទ័ពជើងទឹកដ៏សំខាន់របស់ខ្លួន

បរទេស៖​ ប្រទេសប៉ូឡូញនៅថ្ងៃពុធនេះ បានរៀបចំពិធីបង្ហាញនាវាចម្បាំង ORP Wicher ដែលជានាវាចម្បាំងពហុតួនាទីដំបូងគេក្នុងចំណោមនាវាចម្បាំងបីគ្រឿងដែលកំពុងត្រូវបានសាងសង់ក្រោមកម្មវិធីទំនើបកម្មកងទ័ពជើងទឹក Miecznik នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ។

ពិធីនេះនៅឯកន្លែងផលិតនាវាចម្បាំង PGZ ក្នុងទីក្រុង Gdynia ភាគខាងជើង មានការចូលរួមពីប្រធានាធិបតីប៉ូឡូញលោក​ Karol Nawrocki និងនាយករដ្ឋមន្ត្រីលោក Donald Tusk។

លោក​ Nawrocki បានពិពណ៌នាអំពីកម្មវិធី Miecznik ថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកប៉ូឡូញ ហើយបានលេីកឡេីងថា នាវា​ Wicher នឹងពង្រឹងកងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសយ៉ាងសំខាន់។

កម្មវិធីនេះគឺជាកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកងទ័ពជើងទឹកដ៏ធំបំផុតរបស់ប្រទេសប៉ូឡូញ ដែលមានបំណងផ្តល់នាវាចម្បាំងទំនើបៗចំនួនបីគ្រឿងដើម្បីជំនួសនាវាចម្បាំងថ្នាក់ Oliver Hazard Perry ចាស់ៗរបស់កងនាវា។

នាវាចម្បាំងថ្មីទាំងនេះត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងនៅលើអាកាស នៅលើ និងក្រោមទឹក ខណៈពេលដែលក៏ការពារផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top