ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឲ្យមានការចរចាជាមួយកូរ៉េខាងជើង ដើម្បីជំនួសបទឈប់បាញ់ដោយសន្តិភាព ហើយថា កូរ៉េទាំងពីរគួរតែធ្វើការអង្គុយចរចា ដើម្បីរួមរស់ជាមួយគ្នា។
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវថ្ងៃសៅរ៍ ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបន្តការរួមរស់ដោយសន្តិភាព ដោយនិយាយថា ទីក្រុងសេអ៊ូលនឹងស្វែងរកវិធានការការពារ ដើម្បីទប់ស្កាត់ជម្លោះ និងកត់សម្គាល់ពីតម្រូវការក្នុងការជំនួសបទឈប់បាញ់នៅឧបទ្វីបនេះ ដោយ «របបសន្តិភាព»។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថាមួយ ដែលប្រារព្ធខួបនៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន លោក Lee បាននិយាយថា កូរ៉េទាំងពីរគួរតែធ្វើការអង្គុយចរចា ដើម្បីរួមរស់ជាមួយគ្នា។
លោកបានជំរុញឲ្យមានការសន្ទនារវាងកូរ៉េខាងជើង និងភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ 1950-53 ដែលត្រូវបានបញ្ឈប់ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពទេ ហើយលោកបាននិយាយថា ការពិភាក្សាក៏អាចស្វែងយល់ពីវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់សមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងផងដែរ។
លោក Lee បាននិយាយថា ទីក្រុងសេអ៊ូលនឹងចាត់វិធានការបង្ការ និងបន្តដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើតវិធានការការពារជាស្រទាប់ៗ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។
ការអំពាវនាវរបស់លោក Lee ភាគច្រើនផ្អែកលើការសន្យារបស់លោកកាលពីឆ្នាំមុន ដើម្បីគោរពប្រព័ន្ធរបស់កូរ៉េខាងជើង និងស្វែងរកការរួមរស់ដោយសន្តិភាពជាមួយទីក្រុងព្យុងយ៉ាង។
ប្រែសម្រួល: ណៃ តុលា
