Feature

កាតា​ បដិសេធការអះអាងពីការឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់

ដូហា៖​ កាតា​ បានបដិសេធការអះអាងថាខ្លួនបានឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ដោយពណ៌នាពួកគេថា​ ជាការបំភាន់ ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed Al Ansari បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបដិសេធយ៉ាងដាច់អហង្ការ​ ចំពោះការអះអាង​ ដែលកំពុងចរាចរទាក់ទងនឹងការឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ហើយមានការភ្ញាក់ផ្អើល​ ចំពោះសេចក្តីថ្លែងការណ៍បំភាន់ទាំងនេះនៅពេលនេះ”។

លោក Al Ansari បានលេីកឡេីងថា ការទាក់ទងត្រូវបានបង្កើតឡើងជាមួយអ្នកបើកយន្តហោះដែលពាក់ព័ន្ធ បន្ទាប់ពីពួកគេបានរំលោភលើដែនអាកាសកាតា ហើយអាជ្ញាធរបានបញ្ជាក់ពីគន្លងនៃការកំណត់គោលដៅ។

លោកបានបន្ដថា “បន្ទាប់ពីអនុវត្តតាមច្បាប់នៃការចូលរួម និងព្យាយាមទំនាក់ទំនងជាមួយពួកគេដោយមិនទទួលបានការឆ្លើយតប វិធានការចាំបាច់ត្រូវបានធ្វើឡើង​ ដើម្បីការពារទឹកដីរបស់យើងស្របតាមច្បាប់អន្តរជាតិ” ដោយបន្ថែមថាកាលៈទេសៈត្រូវបានបញ្ជាក់នៅពេលនោះតាមរយៈបណ្តាញផ្លូវការ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមស្វែងរក និងជួយសង្គ្រោះកាតាបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់​ ដើម្បីស្វែងរកសាកសពរបស់អ្នកបើកយន្តហោះ។ លោកបានបន្ថែមទៀតថា ប្រទេសកាតា​ បានទាក់ទងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីសម្របសម្រួលការប្រគល់សាកសពរបស់អ្នកបើកយន្តហោះម្នាក់ដែលត្រូវបានរកឃើញ។

មេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា កងកម្លាំងកាតាបានចាប់ខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់បីនាក់ ដែលយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់ នៅពេលវិលត្រឡប់មកពីបេសកកម្មយោធាប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនៅកាតាកាលពីខែមីនា។ មេបញ្ជាការរូបនេះបានបន្ថែមថា អ្នកបើកយន្តហោះទីបួនត្រូវបានសម្លាប់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top