ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់​ បញ្ជាក់ថា អ៊ីរ៉ង់​ សម្រេចបាន​ MOU សន្តិភាពជាមួយសហរដ្ឋអាមេរិក ដោយសេចក្តីថ្លៃថ្នូរ និងអំណាច

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់បានឈានដល់អនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាព (MoU) ថ្មីៗ នេះជាមួយសហរដ្ឋអាមេរិក​ ដោយ «សេចក្តីថ្លៃថ្នូរ​ និង អំណាច» ខណៈពេលដែលពិចារណាលើគោលការណ៍​ ដែលបានគូសបញ្ជាក់ដោយអតីតមេដឹកនាំកំពូលលោក​ Ali Khamenei។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំ លោក Alireza Kazemi ជាកន្លែង​ ដែលប្រធានាធិបតីបានការពារអនុស្សរណៈនៃការយោគយល់គ្នា​ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​នៅថ្ងៃទី១៨ ខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ ។

លោក Pezeshkian បានលេីកឡេីងថា «យើងបានបន្តកិច្ចព្រមព្រៀងថ្មីៗនេះដោយកម្លាំង ហើយមិនបានចុះចាញ់សត្រូវរបស់យើងនោះទេ» ដោយបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានព្រាងឡើងបន្ទាប់ពីការពិភាក្សាយ៉ាងប្រុងប្រយ័ត្ន និងការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញ។

នៅក្នុងសុន្ទរកថានៅថ្ងៃសៅរ៍ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានពិពណ៌នាអំពីអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីសន្តិភាពថា​ ជាភស្តុតាងនៃ “សិរីរុងរឿង និងជ័យជម្នះរបស់អ៊ីរ៉ង់” និងស្របតាមការពង្រឹងជ័យជម្នះ របស់ប្រទេសក្នុងវិស័យការទូត។។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដែលបញ្ចប់នៅថ្ងៃចន្ទ ដើម្បីឈានដល់កិច្ច ព្រមព្រៀងចុងក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ជោគវាសនា នៃកិច្ចចរចានៅតែមិនច្បាស់លាស់ បន្ទាប់ពីការកើនឡើងនៃភាពតានតឹង រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top