ព័ត៌មានអន្តរជាតិ

សមាគមស្បៀង អាហាររបស់វៀតណាម អំពាវនាវ ដល់សហគ្រាសជាសមាជិក និងពាណិជ្ជករនាំចេញអង្ករ ឱ្យជួយទិញស្រូវពីកសិករ

បរទេស៖ សមាគមស្បៀង អាហារវៀតណាម (VFA) បានអំពាវនាវដល់សហគ្រាសជាសមាជិក និងពាណិជ្ជករនាំចេញអង្ករ ឱ្យជួយទិញស្រូវ ពីកសិករឱ្យបានសកម្ម។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ថា សមាគមនេះ បានជំរុញជាពិសេសដល់អាជីវកម្ម ឱ្យទិញពូជស្រូវក្រអូប និងមានគុណភាពខ្ពស់ ដូចជា DT8 និង OM18 ក្នុងតម្លៃ 7,000 ដុង (0.27 ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ឬខ្ពស់ជាងនេះ។

នៅក្នុងលិខិតចំហមួយផ្ញើ ទៅកាន់សហគ្រាសជាសមាជិក និងពាណិជ្ជករនាំចេញអង្ករ លោក ដូ ហាណាំ ប្រធាន សមាគមស្បៀងអាហារវៀតណាម បានជំរុញឱ្យអាជីវកម្មបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ពួកគេដោយទិញស្រូវពីកសិករឱ្យបានសកម្ម និងចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រការលក់ស្រូវ និងធ្វើឱ្យទីផ្សារអង្ករមានស្ថិរភាព។

យោងតាម សមាគមស្បៀងអាហារ វៀតណាម, ការផលិត ពាណិជ្ជកម្ម និងការនាំចេញអង្ករ របស់វៀតណាម បានប្រឈមមុខនឹងការលំបាក ជាច្រើននាពេលថ្មីៗនេះ ។ ជម្លោះ និងអស្ថិរភាពនៅក្នុងតំបន់ផ្សេងៗនៃពិភពលោកបន្តរំខានដល់ខ្សែសង្វាក់ ផ្គត់ផ្គង់សកល ភស្តុភារ និងពាណិជ្ជកម្ម ។

ទន្ទឹមនឹងនេះ ប្រទេសនាំចូលអង្ករជាច្រើន បានកែសម្រួលគោលនយោបាយ របស់ពួកគេឆ្ពោះទៅរកការការពារនិយមកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងរឹតបន្តឹងការគ្រប់គ្រងការនាំចូល ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញអង្ករពីអាជីវកម្មវៀតណាម។

រួមជាមួយនឹងបញ្ហាប្រឈមទាំងនេះ កសិករដាំស្រូវក៏ស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងឡើងផងដែរ ដោយសារថ្លៃដើមវត្ថុធាតុដើមនៅតែខ្ពស់ ខណៈដែលតម្លៃទិញស្រូវ មានទំនោរធ្លាក់ចុះក្នុងរដូវប្រមូលផល។
ប្រែសម្រួលៈ ណៃ តុលា

To Top