ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ នៅក្នុងសាលារៀនមួយ ក្នុងប្រទេសហ្វីលីពីន បណ្តាលឱ្យសិស្ស២នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង

បរទេស៖ សិស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ដែលម្នាក់ជាខ្មាន់កាំភ្លើង ហើយស្ថានភាពឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រង។ មន្ត្រីបាននិយាយថា នេះជាឧប្បត្តិហេតុបែបនេះលើកទីពីរនៅក្នុងប្រទេសក្នុងរយៈពេលតិចជាងពីរខែមកនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ០២២៦ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់ស៊ើបអង្កេត និងកំណត់វិធានការដែលត្រូវអនុវត្តដើម្បីទប់ស្កាត់អំពើហិង្សានៅក្នុងសាលារៀន។

លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាលារៀនរបស់យើងគឺជាកន្លែងដែលយើងប្រគល់ឱ្យកូនៗរបស់យើងរៀន រីកចម្រើន និងស្រមៃអំពីជីវិតនៅខាងមុខពួកគេ។ ពួកគេក៏ត្រូវតែជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសរបស់យើងផងដែរ”។

ការបាញ់ប្រហារនេះបានកើតឡើងនៅសាលារៀនមួយដែលភ្ជាប់ទៅនឹងសាកលវិទ្យាល័យ Ateneo de Zamboanga ដែលគ្រប់គ្រងដោយឯកជននៅក្នុងទីក្រុង Zamboanga ជាកន្លែងដែលខ្មាន់កាំភ្លើងបានយកកាំភ្លើងខ្លី និងកាំភ្លើងវែងមួយដើមចូលទៅក្នុងបរិវេណសាលា ហើយបាញ់ទៅលើសិស្សនៅក្នុងថ្នាក់រៀន នេះបើយោងតាមរបាយការណ៍បឋមរបស់ប៉ូលីស។

ប៉ូលីសបាននិយាយថា ជនរងគ្រោះគឺជាសិស្សប្រុសថ្នាក់ទី១០ ចំណែកខ្មាន់កាំភ្លើងដែលជាសិស្សថ្នាក់ទី៩ បានសម្លាប់ខ្លួនឯង។ មនុស្សពីរនាក់ផ្សេងទៀតបានរងរបួស។
ប្រែសម្រួលៈ ណៃ តុលា

To Top