ស៊ីរី ត្រូវបានដកចេញ ពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់សហរដ្ឋអាមេរិក
ដាម៉ាស៖ ស៊ីរីបានស្វាគមន៍ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដកប្រទេសនេះ ចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោន ដោយហៅចលនានេះថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅ រកការបញ្ចប់ភាពឯកោរាប់ទសវត្សរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរការបរទេស ស៊ីរីបានឧ្យដឹងថា ការសម្រេចចិត្តនេះ “បើកជំពូកថ្មីមួយនៅ ក្នុងទំនាក់ទំនងអន្តរជាតិរបស់ស៊ីរី” ដោយបន្ថែមថា ខ្លួននឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស ជួយបង្កើតលក្ខខណ្ឌសម្រាប់ការកសាងឡើងវិញ និងពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសស៊ីរី។
នៅថ្ងៃចន្ទ លោក Thomas Barrack បេសកជនពិសេសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានលុបចោលជាផ្លូវការនូវការកំណត់ប្រទេសស៊ីរី ជារដ្ឋឧបត្ថម្ភភេរវកម្ម។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានកំណត់ប្រទេសស៊ីរី ជារដ្ឋឧបត្ថម្ភភេរវកម្ម ក្នុងឆ្នាំ១៩៧៩ ហើយបានរក្សាការ កំណត់នេះអស់ រយៈពេលជាច្រើនទសវត្សរ៍ មកហើយ ដោយលើកឡើងពីទំនាក់ទំនង របស់រដ្ឋាភិបាលស៊ីរី នៅពេលនោះជាមួយក្រុមហេសបូឡារបស់លីបង់ ក្រុមប៉ាឡេស្ទីន និងអ៊ីរ៉ង់៕
