អាមេរិក គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច D-Day ប្រឆាំងនឹងអ៊ីរ៉ង់
តេអេរ៉ង់៖ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានគំរាមកំហែងអ៊ីរ៉ង់ជាមួយនឹង «ទិវាសេដ្ឋកិច្ច D-Day» ដោយប្រកាសពីរលកនៃទណ្ឌកម្មថ្មីដែលមានគោលបំណងធ្វើឱ្យប្រទេសនេះឯកោបន្ថែមទៀត។
លោក Bessent បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងចាប់ផ្តើមការវាយប្រហារផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងទំនាក់ទំនងហិរញ្ញវត្ថុរបស់អ៊ីរ៉ង់នៅជុំវិញពិភពលោក»។ លោកថា «គោលបំណងរបស់យើង គឺកាត់ផ្តាច់ខ្សែជីវិតសេដ្ឋកិច្ចទាំងអស់» ដែលទ្រទ្រង់ប្រទេសនេះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការកំណត់ទណ្ឌកម្មតាមវិស័យថ្មីផ្តោតលើវិស័យសំខាន់ៗចំនួនប្រាំគឺ ទ្រព្យសកម្មឌីជីថល បច្ចេកវិទ្យា មាស អាកាសចរណ៍ និងការដឹកជញ្ជូន ដែលសហរដ្ឋអាមេរិកបានឧ្យដឹងថា អ៊ីរ៉ង់ បានពឹងផ្អែកលើដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។
ក្រសួងបានឧ្យដឹងថា វិធានការទាំងនេះបានសម្គាល់ការចាប់ផ្តើមនៃ «យុទ្ធនាការប្រកបដោយចីរភាព និងជាប្រព័ន្ធ ដើម្បីបិទធនធានហិរញ្ញវត្ថុទាំងអស់» ដែលគាំទ្រអ៊ីរ៉ង់។ ប្រភពបានបន្ថែមថា «អង្គភាពណាមួយដែលសម្របសម្រួលការលាងលុយកខ្វក់ ឬការគេចវេសទណ្ឌកម្មក្នុងនាមអ៊ីរ៉ង់ ប្រឈមនឹងការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក»។
ក្រសួងកំពុងពង្រីកប្រភេទនៃ «ការប្រព្រឹត្តទាក់ទងនឹងអ៊ីរ៉ង់» ដែលសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មនាពេលអនាគត ហើយបានបញ្ជាក់ថា «ប្រទេសនីមួយៗ នឹងត្រូវបានផ្តល់ពេលវេលាកំណត់មួយ ដើម្បីបិទសកម្មភាពទាក់ទងនឹងអ៊ីរ៉ង់» ដែលសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណ។
លោកបានបង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់មេដឹកនាំពិភពលោកដោយមានសំណើជាក់លាក់ ដើម្បីបញ្ឈប់អន្តរកម្មរបស់ពួកគេជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
