ប្រទេសកាណាដា ប្រកាសពន្ធតបវិញ លើទំនិញអាមេរិកជាង ៧០០ មុខ
អូតាវ៉ា ៖ រដ្ឋាភិបាលសហព័ន្ធកាណាដា បានប្រកាសពន្ធសងសឹកលើទំនិញអាមេរិកជាង ៧០០ មុខដែលមានតម្លៃ ២៧,៦ ពាន់លានដុល្លារកាណាដា (ប្រហែល ២០ ពាន់លានដុល្លារអាមេរិក) រួមជាមួយនឹងកញ្ចប់ជំនួយចំនួន ៧,៥ ពាន់លានដុល្លារកាណាដាសម្រាប់អាជីវកម្ម និងកម្មករក្នុងស្រុក។
មន្ត្រីកាណាដាបានឧ្យដឹងថា វិធានការតបតវិញទាំងនេះ ត្រូវគ្នានឹងតម្លៃសរុបនៃផលិតផលកាណាដា ដែលត្រូវបានកំណត់គោលដៅ ដោយពន្ធគយចុងក្រោយបំផុត របស់សហរដ្ឋអាមេរិកចំនួន ៥០ភាគរយ ដោយសម្រេចបាននូវការឆ្លើយតប “មួយដុល្លារសម្រាប់មួយដុល្លារ អត្រាសម្រាប់អត្រា”។ ពន្ធគយតបតវិញនេះ ត្រូវបានគ្រោងនឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាណាដា លោក Francois-Philippe Champagne បានឧ្យដឹងថា ពន្ធគយទៅវិញទៅមក ក៏ដូចជាកញ្ចប់ជំនួយ រាប់ពាន់លានដុល្លារនឹងការពារកម្មករ កសិករ គ្រួសារ និងអាជីវកម្ម។
យោងតាមបញ្ជី ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ ពន្ធគយតបតថ្មីដែលបានកំណត់គោលដៅត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យដូចជា ដែកថែប ផលិតផលទឹកដោះគោ ឧបករណ៍ប្រើប្រាស់ ឧបករណ៍កសិកម្ម ក្រដាស និងអេឡិចត្រូនិច ដោយអត្រាពន្ធគយត្រូវបានកំណត់នៅបីកម្រិត៖ 15 ភាគរយ ២៥ភាគរយ និង ៥០ភាគរយ។
នៅក្នុងវិស័យមួយចំនួន ដូចជាដែកថែប និងអាលុយមីញ៉ូម ពន្ធគយតបតដែលមានស្រាប់នឹងកើនឡើងពី ២៥ភាគរយដល់ ៥០ភាគរយ ដើម្បីផ្គូផ្គងអត្រា របស់សហរដ្ឋអាមេរិក។ ក្រសួងបានឧ្យដឹងថា ពន្ធគយតបតផ្សេងទៀតដែលមានស្រាប់ រួមទាំងពន្ធគយប្រឆាំង នឹងរថយន្តរបស់សហរដ្ឋអាមេរិក ក៏នឹងបន្តអនុវត្តផងដែរ៕
