ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ធ្វើការកោតសរសើរក្រុងប៉េកាំង ដែលបានបដិសេធការគម្រាមកំហែងរបស់សហរដ្ឋអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់បានធ្វើការសរសើរប្រទេសចិនចំពោះការបដិសេធការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ីស្លាម។

ការថ្លែងកោតសរសើរនេះត្រូវបានធ្វើឡើងដោយប្រធានសភាលោក Mohammad Bagher Ghalibaf ដែលបាន

និយាយកាលពីថ្ងៃពុធម្សិលមិញនេះ។លោកបានគូសបញ្ជាក់អំពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងតេហរ៉ង់ជាមួយទីក្រុងប៉េកាំង ដែលមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ឡើយ ។

លោក Ghalibaf បានស្វាគមន៍ចំពោះអ្វីដែលលោកហៅថាសេចក្តីថ្លែងការណ៍គោលរបស់ប្រទេសចិន ដោយបដិសេធការដាក់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមX។

លោកបានសរសេរថា៖ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អ៊ីរ៉ង់-ចិន ត្រូវបានចាក់ឫសក្នុងការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងចក្ខុវិស័យរួមគ្នាសម្រាប់ពិភពលោកពហុប៉ូលមួយ។ទំនាក់ទំនងនេះមិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ទេ។

ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការដាក់ទណ្ឌកម្មបន្ទាប់បន្សំប្រឆាំងនឹងប្រទេស និងក្រុមហ៊ុនដែលបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ 

គួរឲ្យដឹងដែរថាក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថាទីក្រុងប៉េកាំងប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវទណ្ឌកម្មដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះអ្វីដែលអាមេរិកបានហៅថាជាការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងអ៊ីរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top