ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា សហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីឡើយតាមរយៈសម្ពាធសេដ្ឋកិច្ច
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីឡើយតាមរយៈសម្ពាធសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីតេអេរ៉ង់ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយបំផុតនៃសន្ទស្សន៍រូបិយវត្ថុ រូបិយប័ណ្ណបរទេស និងហិរញ្ញវត្ថុសំខាន់ៗរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Seyed Ali Madanizadeh អភិបាលធនាគារកណ្តាល លោក Abdolnaser Hemmati និងក្រុមអ្នកសេដ្ឋកិច្ចលេចធ្លោមួយក្រុមបានចូលរួមកិច្ចប្រជុំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។
លោក Pezeshkian បានលេីកឡេីងថា ទោះបីជាអ៊ីរ៉ង់ ស្វែងរកការដោះស្រាយបញ្ហាតាមរយៈការចូលរួម និងការចរចាក៏ដោយ ក៏ខ្លួននឹងឈរយ៉ាងរឹងមាំប្រឆាំងនឹងសម្ពាធសេដ្ឋកិច្ច ដូចដែលខ្លួនបានធ្វើរហូតមកដល់ពេលនេះ។
លោកបានបង្ហាញទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីឡើយតាមរយៈសម្ពាធសេដ្ឋកិច្ចរបស់ខ្លួននៅដំណាក់កាលនេះ ដោយលើកឡើងពីការរៀបចំដែលធ្វើឡើងដោយវិស័យសេដ្ឋកិច្ចរបស់រដ្ឋបាលលោក។
លោកបានបន្ដថា នេះនឹងស្រដៀងគ្នាទៅនឹងសង្គ្រាម (៤០ថ្ងៃ) នៅពេលដែលកងកម្លាំងប្រដាប់អាវុធ និងប្រជាជនអ៊ីរ៉ង់ បានរារាំងវាពីការសម្រេចគោលបំណងរបស់ខ្លួនដោយភាពក្លាហាន និងការគាំទ្ររបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពី “ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន” ប្រឆាំងនឹងប្រទេសណាមួយដែលផ្តល់ខ្សែជីវិតដល់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
