Feature

‎នេប៉ាល់​ត្រូវការ​ជំនួយ​បច្ចេកទេស​សម្រាប់​ទឹកជំនន់ និង​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ខណៈ​អាកាសធាតុ​អាក្រក់​រារាំង​ដល់ការ​ជួយសង្គ្រោះ

‎បរទេស៖ ប្រទេសនេប៉ាល់បានផ្អាកការស្វែងរក និងជួយសង្គ្រោះនៅថ្ងៃសៅរ៍ ដោយសារតែអាកាសធាតុអាក្រក់ ហើយបាននិយាយថា ខ្លួនត្រូវការជំនួយបច្ចេកទេសបរទេស ដើម្បីទប់ទល់នឹងទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានបោកបក់កាត់តំបន់មួយជាប់ព្រំដែនជាមួយទីបេ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេប៉ាល់បានប្រាប់រ៉យទ័រថា ប្រជាជាតិក្រីក្រនៅតំបន់ហិម៉ាឡៃយ៉ា ដែលមានប្រជាជន ៣០ លាននាក់នេះ ក៏នឹងត្រូវការប្រាក់ប្រហែល ៤ ទៅ ៥ ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីទឹកជំនន់កាលពីថ្ងៃពុធ។

‎ដោយសារការដួលរលំនៃផ្ទាំងទឹកកក លំហូរថ្ម ទឹកកក ភក់ និងកំទេចកំទីយ៉ាងច្រើន បានហូរកាត់ប្រព័ន្ធទន្លេភ្នំកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦២៦ នាក់នៅក្នុងប្រទេសនេប៉ាល់ និង ៧ នាក់នៅក្នុងតំបន់ទីបេរបស់ប្រទេសចិន ខណៈដែលទឹកជំនន់បានលេបត្របាក់អគារ ស្ពាន និងរោងចក្រថាមពលនៅក្នុងផ្លូវរបស់ហូរបោកបក់។

‎មនុស្សជិត ៣.០០០ នាក់នៅតែបាត់ខ្លួន ដោយប្រហែល ២.៤២៦ នាក់នៅប្រទេសនេប៉ាល់ និងយ៉ាងហោចណាស់ ៥៥៤ នាក់នៅក្នុងស្រុក Gyirong នៃតំបន់ទីបេ – រួមទាំងជនបរទេសយ៉ាងហោចណាស់ ៥៤០ នាក់ ដែលភាគច្រើនជាពួកអ្នកធ្វើធម្មយាត្រាហិណ្ឌូមកពីប្រទេសឥណ្ឌា។

‎ប្រែសម្រួល: ណៃ តុលា

To Top