លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក នឹងបំពេញទុន បម្រុងប្រេងយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេង របស់វេណេស៊ុយអេឡា
បរទេស: ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រេងពីកិច្ចព្រមព្រៀង ដែលទើបសម្រេច បានជាមួយប្រទេសវេណេស៊ុយអេឡា នឹងត្រូវបានប្រើប្រាស់ដើម្បីបំពេញ បន្ថែមទុនបម្រុង ប្រេងយុទ្ធសាស្ត្រ ដែលត្រូវបានកាត់បន្ថយយ៉ាង ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការរំខាន ដល់ការផ្គត់ផ្គង់សកល និងតម្លៃប្រេងឥន្ធនៈខ្ពស់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅក្នុងសារមួយ នៅលើបណ្តាញសង្គមថា ដំណើរការ “បំពេញបន្ថែម” នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ ដោយពណ៌នាអំពីប្រេង វេណេស៊ុយអេឡាថាជា “អំណោយពីប្រទេសវេណេស៊ុយអេឡា ដល់ប្រជាជនសហរដ្ឋអាមេរិក”។
វាមិនច្បាស់ទេថាតើកិច្ចព្រមព្រៀងរបស់វេណេស៊ុយអេឡា អាចផ្តល់ប្រេងសម្រាប់ទុនបម្រុងបានលឿនប៉ុណ្ណា ឬផ្តល់អត្ថប្រយោជន៍រយៈពេលខ្លីដល់អ្នកបើកបរយានយន្តអាមេរិក ។ កិច្ចព្រមព្រៀងដែលលោក ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រមានគោលបំណងស្តារឧស្សាហកម្មប្រេង ដែលរងផលប៉ះពាល់របស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ ប៉ុន្តែវានឹងត្រូវការការវិនិយោគ និងការងារហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន មុនពេលការផលិតអាចកើនឡើង គួរឱ្យកត់សម្គាល់។
ទុនបម្រុងនេះមានប្រហែល ២៩០ លានបារ៉ែល គិតត្រឹមថ្ងៃទី ២១ ខែសីហា ជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤៤ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិក បានកាត់បន្ថយស្តុករបស់ខ្លួនក្រោមរដ្ឋបាលលោក បៃដិន និងលោក ត្រាំ ដើម្បីឆ្លើយតបទៅនឹងការរំខាន ដល់ការផ្គត់ផ្គង់សកល រួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងជម្លោះជាមួយអ៊ីរ៉ង់។
