បទវិភាគ៖ អង្គការសហប្រតិបត្តិការសៀងហៃនឹងរួមចំណែកកាន់តែធំដល់ការជំរុញដំណើរការនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក
“ក្នុងបរិបទបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងចំពោះការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង” “គោលនយោបាយនិងគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់គ្នារវាងរដ្ឋសមាជិកទាំង២៧នៃមហាគ្រួសារអង្គការសហប្រតិបត្តិការសៀងហៃ”។ល។ នៅថ្ងៃទី១ ខែកញ្ញា កិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) និងកិច្ចប្រជុំ”SCO+”បានធ្វើឡើងនៅទីក្រុងប៊ីស្គេករដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងនូវគំនិតផ្តួចផ្តើម ៤ចំណុចទាក់ទងនឹងការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃ និងសំណើ៣ចំណុចស្តីពីការដើរតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃឱ្យបានកាន់តែល្អ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។

“ប្រកាន់ខ្ជាប់ការអភិវឌ្ឍជាអាទិភាព ត្រួសត្រាយអនាគតដែលមានវិបុលភាពរួម” “ប្រកាន់ខ្ជាប់សន្តិសុខជាចម្បង និងបង្កបរិយាកាសសន្តិសុខជាទូទៅ” “ប្រកាន់ខ្ជាប់ការចាត់ទុកប្រជាជនជាស្នូល និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់មិត្តភាពគ្រប់ជំនាន់” “ប្រកាន់ខ្ជាប់ការសន្ទនានិងពិគ្រោះពិភាក្សា និងកែលម្អអភិបាលកិច្ចដែលប្រកបដោយយុត្តិធម៌និងមានសណ្តាប់ធ្នាប់”។ គំនិតផ្តួចផ្តើមដែលលោក Xi Jinping បានលើកឡើងទាំង៤នេះបានសំដៅចំពោះការអនុវត្តគំនិតផ្តួចផ្តើមសកលទាំង៤ ដែលបានរួមចំណែកជាផែនការចិនសម្រាប់ជំរុញអង្គការសហប្រតិបត្តិការសៀងហៃឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ការអភិវឌ្ឍគឺជាគន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងអស់។ បច្ចុប្បន្ននេះ រដ្ឋសមាជិកនៃSCOទាំងអស់កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍនិងស្តារឡើងវិញ ។ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរបស់ចិនជាមួយរដ្ឋសមាជិកSCOផ្សេងទៀតបានឈានដល់២.៤២ទ្រីលានយន់ ដែលកើនឡើង១៤.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងវិធានការសហប្រតិបត្តិការជាច្រើន ចាប់ពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់គ្នានិងធនធានថាមពល ដល់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលងើបឡើងថ្មីដូចជាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មបៃតងជាដើម រហូតដល់ការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចច្រកព្រំដែនចិន-SCOនៅទីក្រុងធានជីន ប្រការទាំងនេះសុទ្ធតែមានគោលដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ។
កិច្ចសហប្រតិបត្តិការសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃSCO។ ប្រទេសចិនបានស្នើឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹង”កម្លាំងជ្រុលនិយមទាំងបី”និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់ចែង ទប់ស្កាត់យ៉ាងតឹងរ៉ឹងចំពោះកម្លាំងខាងក្រៅដែលនឹងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនានា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនយោបាយ និងបំផ្លាញដល់ស្ថិរភាពក្នុងតំបន់ គាំទ្រដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូពហុភាគីអំពីសន្តិសុខនុយក្លេអ៊ែរ គាំទ្រការដាក់ឱ្យប្រើប្រាស់”មជ្ឈមណ្ឌលសន្តិសុខទាំងបួន”របស់SCOក្នុងពេលឆាប់ៗ។ល។ គំនិតផ្តួចផ្តើមទាំងនេះនឹងពង្រឹង”បណ្តាញសន្តិសុខ”បន្ថែមទៀត លើកកម្ពស់សមត្ថភាពរបស់រដ្ឋសមាជិកក្នុងការឆ្លើយតបនឹងការគំរាមកំហែងនិងបញ្ហាប្រឈមផ្នែកសន្តិសុខ ដើម្បីគាំពារសន្តិភាពនិងភាពសុខសាន្តក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។
បច្ចុប្បន្ននេះ តុល្យភាពនៃកម្លាំងអន្តរជាតិមានការកែសម្រួលយ៉ាងស៊ីជម្រៅ ហើយនិន្នាការឆ្ពោះទៅរកពហុប៉ូលភាវូបនីយកម្មគឺមិនអាចដើរបញ្ច្រាសបានទេ។ អង្គការសហប្រតិបត្តិការសៀងហៃ(SCO)ដែលកាន់តែមានសាមគ្គីភាព និងកាន់តែមានភាពរស់រវើក គឺមានសមត្ថភាពពេញលេញក្នុងការរួមចំណែកកាន់តែច្រើនដល់ការជំរុញដំណើរការនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក។ ប្រទេសចិននឹងបន្តធ្វើការជាមួយរដ្ឋសមាជិកផ្សេងទៀតនៃមហាគ្រួសារSCO ប្រកាន់ខ្ជាប់”ស្មារតីសៀងហៃ” អនុវត្តគំនិតផ្តួចផ្តើមសកលសំខាន់ៗចំនួនបួន និងបន្តរួមចំណែកជាតម្រិះប្រាជ្ញានិងផែនការចិនដល់ការជំរុញការកែលម្អអភិបាលកិច្ចសកល និងកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕
