ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យសហរដ្ឋអាមេរិក​ លុបចោលទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋរបស់ខ្លួន

ប៉េកាំង៖ យោងតាមក្រសួងពាណិជ្ជកម្ម​ចិន​ បានឧ្យដឹងថា​ ប្រទេសចិន​ បានជំរុញឱ្យសហរដ្ឋអាមេរិក​ កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្មទាក់ទងនឹងអ៊ីរ៉ង់លើក្រុមហ៊ុន និងពលរដ្ឋចិន។

អ្នកនាំពាក្យក្រសួងលោកស្រី Huang Ling បានឧ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិន​ បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្មឯកតោភាគី ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

លោកស្រីបានលេីកឡេីងថា ទោះបីជាមានការតំណាងម្តងហើយម្តងទៀតរបស់ប្រទេសចិន​ ក៏ដោយ ភាគីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋចិនជាច្រើនលើកច្រើនសារ ជុំវិញទំនាក់ទំនងដែលចោទប្រកាន់ថា​ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ប្រទេសចិន​ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់​ ចំពោះសកម្មភាពបែបនេះ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក​ ជ្រៀតជ្រែកមិនត្រឹមត្រូវជាមួយនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសពាក់ព័ន្ធ និងរំខានដល់សន្តិសុខថាមពលសកល និងការផ្គត់ផ្គង់ស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។

លោកស្រីបានបន្ថែមថា ប្រទេសចិន​ បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក​ កែតម្រូវការអនុវត្តខុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្ម ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋរបស់ខ្លួន៕
ប្រែសម្រួល​ ឈូ​ក​ បូរ៉ា

To Top