តុលាការក្រុងហូជីមិញ ប្រទេសវៀតណាម កាត់ទោសប្រហារជីវិតមនុស្ស ១១ នាក់ និង ១៩ នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីគ្រឿងញៀនដ៏ធំបំផុត
បរទេស៖ តុលាការក្រុងហូជីមិញ ប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ១១ នាក់ និង ១៩ នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីគ្រឿងញៀនដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម ដោយមេដឹកនាំក្រុមដែលត្រូវបានចោទប្រកាន់ត្រូវបានកាត់ទោសកំបាំងមុខ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ថា តុលាការប្រជាជនក្រុងហូជីមិញនៅថ្ងៃទី ៣ ខែកញ្ញាបានកាត់ទោសប្រហារជីវិតមនុស្ស ១១ នាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងករណី VN10 ដែលជាបណ្តាញគ្រឿងញៀនដ៏ធំបំផុតមួយដែលអាជ្ញាធរវៀតណាមនិយាយថា ពួកគេបានរុះរើ។
លោក Ha Danh Nam អាយុ ៥២ ឆ្នាំ មកពីខេត្ត Nghe An ត្រូវបានកាត់ទោសជាមេដឹកនាំក្រុម និងពិន័យជាប្រាក់បន្ថែម ១០០ លានដុង (៣.៨០០ ដុល្លារអាមេរិក)។ គាត់ត្រូវបានកាត់ទោសកំបាំងមុខ ដោយមិនដែលត្រូវបានឃុំខ្លួន ហើយជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបួននាក់ដែលនៅតែត្រូវទទួលដីកាចាប់ខ្លួន។
ជនជាប់ចោទ ១០ នាក់ផ្សេងទៀតដែលត្រូវបានកាត់ទោសប្រហារជីវិតត្រូវបានពិន័យជាប្រាក់ពី ៥០ ទៅ ១០០ លានដុងក្នុងម្នាក់ៗ។
ជនជាប់ចោទ ១៩ នាក់ផ្សេងទៀតបានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត ក្នុងនោះមានឈ្មោះ Hoang Sy Thang អាយុ ៣៩ ឆ្នាំ និងក្មួយប្រុសរបស់គាត់ឈ្មោះ Bui Van Anh ដែលទាំងពីរនាក់មកពី Nghe An ដែលបានគ្រប់គ្រងចំណុចផ្ទុកសំខាន់របស់បណ្តាញនេះ និងត្រូវបានកាត់ទោសពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ ការដឹកជញ្ជូនខុសច្បាប់បានបណ្តាលឲ្យមានទោសអតិបរមាអស់មួយជីវិតចាប់តាំងពីក្រមព្រហ្មទណ្ឌវៀតណាមបានធ្វើវិសោធនកម្មបានលុបចោលទោសប្រហារជីវិតនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ យ៉ាងណាក៏ដោយ ទោសប្រហារជីវិតនៅតែមានសម្រាប់ការជួញដូរមនុស្ស។
ប្រែសម្រួលៈ ណៃ តុលា
