ព្រែកជីក ដ៏ធំភ្ជាប់ទន្លេទៅសមុទ្រ Pinglu Canal របស់ចិន នឹងចាប់ផ្តើម បើកឱ្យធ្វើនាវាចរណ៍ផ្លូវការ
ណាននីង៖ ព្រែកជីក Pinglu Canal ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន នឹងចាប់ផ្តើមបើកដំណើរ ការជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា។ នេះបើយោងតាមការប្រកាស នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ។
ព្រែកជីកនេះមានប្រវែងសរុប ១៣៤,២ គីឡូម៉ែត្រ ដោយតភ្ជាប់ផ្លូវទឹកនៃទន្លេ Xijiang នៅភាគខាងជើង ទៅកាន់ឈូងសមុទ្រ Beibu នៅភាគខាងត្បូង។ វាគឺជាគម្រោងព្រែកជីកផ្លូវទឹកភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រដ៏ធំដំបូងគេបង្អស់របស់ចិន ដែលត្រូវបានរៀបចំផែនការ និងសម្របសម្រួលក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ ១៩៤៩ មក។
ព្រែកជីកនេះត្រូវបានរចនាឡើង ដើម្បីអាចឱ្យកប៉ាល់ដឹកទំនិញដែលមានទម្ងន់រហូតដល់ ៥.០០០ តោន ធ្វើចរាចរណ៍ឆ្លងកាត់បាន។ វាលាតសន្ធឹងតាមច្រករបៀង ពាណិជ្ជកម្មផ្លូវគោក-ផ្លូវទឹកអន្តរជាតិថ្មី (New International Land-Sea Trade Corridor) ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ តំបន់ដីគោកភាគខាងលិចរបស់ចិន ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារសកលលោក។
លោកស្រី Lu Xinning អនុប្រធានរដ្ឋបាលតំបន់ស្វយ័ត Guangxi បានថ្លែងថា ព្រែកជីកនេះត្រូវបានរំពឹងថានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹករវាងតំបន់ដីគោកភាគនិរតីនៃប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានប្រមាណ ៥៦០ គីឡូម៉ែត្រ ព្រមទាំងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន (Logistics costs) បានពី ១៨% ទៅ ៣០% នេះបើយោងតាមការចេញផ្សាយរបស់ Xinhua។
លោកស្រីបានបន្ថែមថា «ព្រែកជីកនេះមិនត្រឹមតែដោះស្រាយបញ្ហាប្រឈមយូរអង្វែងរបស់ខេត្ត Guangxi ក្នុងការភ្ជាប់ផ្លូវទឹកទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្លាស់ប្តូរទម្រង់ភូមិសាស្ត្រសេដ្ឋកិច្ចរវាងប្រទេសចិន និងអាស៊ានផងដែរ»។
គួររំលឹកផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានមានការកើនឡើងយ៉ាងខ្លាំង ដោយផ្អែកលើទិន្នន័យពីអគ្គនាយកដ្ឋានគយចិន ពាណិជ្ជកម្មទ្វេភាគីក្នុងឆមាសទី១ ឆ្នាំ ២០២៦ នេះ មានទំហំរហូតដល់ ៤,៣៤ ត្រីលានយ័ន (ប្រមាណ ៦៤០ ប៊ីលានដុល្លារអាមេរិក) ដែលកើនឡើង ១៨,២% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រែសម្រួល៖ គីរី
