Feature

ភាពតានតឹងរវាងក្រុមហ៊ុន Ford ជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងកើនឡើងខ្លាំង ជុំវិញកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ចិន

បរទេស៖ ភាពតានតឹងដែលមានជាយូរមកហើយរវាងក្រុមហ៊ុន Ford និងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ក្រុមហ៊ុនផលិតរថយន្តនេះជាមួយក្រុមហ៊ុនចិន បានផ្ទុះឡើងខ្លាំងនៅសប្តាហ៍នេះ តាមរយៈការរិះគន់ និងការកោតសរសើរពីសំណាក់សមាជិកបក្សសាធារណរដ្ឋ ដែលមានលក្ខណៈផ្ទុយគ្នា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ជម្លោះនេះបានបង្ហាញឱ្យឃើញពីទស្សនៈខុសៗគ្នាអំពីរបៀបដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកគួរតែឆ្លើយតបទៅនឹងភាពនាំមុខកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មរថយន្ត។

ក្រុមហ៊ុន Ford បានអះអាងថា ខ្លួនត្រូវការទទួលបានបច្ចេកវិទ្យា និងជំនាញរបស់ចិន ដើម្បីរក្សាភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ទោះបីជាបានព្រមានថា ក្រុមហ៊ុនផលិតរថយន្តចិនបង្កការគំរាមកំហែងដល់ឧស្សាហកម្មនេះ ហើយមិនគួរត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីផ្សារសហរដ្ឋអាមេរិកក៏ដោយ។

កាលពីថ្ងៃពុធ គណៈកម្មាធិការពិសេសស្តីពីប្រទេសចិននៃសភាតំណាងរាស្ត្រ ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បានរិះគន់ក្រុមហ៊ុន Ford នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X ដោយអះអាងថា ក្រុមហ៊ុននេះបានព្រមានអំពីការគំរាមកំហែងដែលក្រុមហ៊ុនចិនបង្កឡើងដល់ឧស្សាហកម្មអាមេរិក ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមួយចំនួនទាំងនោះផងដែរ។ សារនោះបានសរសេរថា៖ «នេះគឺជាអ្វីដែល Ford និយាយ បើធៀបនឹងអ្វីដែលខ្លួនធ្វើជាក់ស្តែង»។

ការរិះគន់នេះបានកើតឡើងមិនដល់ ២៤ ម៉ោងផង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានចេញលិខិតមួយដោយចាត់ទុកទំនាក់ទំនងរបស់ Ford ជាមួយក្រុមហ៊ុនចិនថាជារឿង «គួរឱ្យព្រួយបារម្ភ»។ ក្រុមហ៊ុន Ford បានឆ្លើយតបវិញថា រដ្ឋមន្ត្រីរូបនេះគ្រាន់តែព្យាយាមបង្កើតព័ត៌មានដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជនប៉ុណ្ណោះ។

ប្រែសម្រួលៈ ណៃ តុលា

To Top