Feature

អ៊ីស្រាអែលនិយាយថា ខ្លួនបានបំផ្លាញទីតាំងក្រោមដីរបស់ក្រុម Hezbollah នៅតំបន់ Ali al-Taher ក្នុងប្រទេសលីបង់

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិលោក Israel Katz បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុម Hezbollah នៅលើជួរភ្នំ Ali al-Taher ក្នុងភាគខាងត្បូងប្រទេសលីបង់ ដោយបន្ថែមថាប្រតិបត្តិការនេះបានបញ្ចប់ការបង្កើតតំបន់សន្តិសុខមួយនៅក្នុងតំបន់នោះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មន្ត្រីទាំងពីររូបបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់នោះ ដើម្បីទប់ស្កាត់កុំឱ្យក្រុមប្រដាប់អាវុធ Hezbollah ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ អាចត្រឡប់មកបង្កើតវត្តមាន និងកសាងសមត្ថភាពរបស់ខ្លួនឡើងវិញបាន។

ជួរភ្នំ Ali al-Taher ដែលស្ថិតនៅចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ (១០ ម៉ាយ) ពីព្រំដែនអ៊ីស្រាអែល បានក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុម Hezbollah។ យោងតាមប្រភពសន្តិសុខលីបង់ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីខែកក្កដា គេជឿជាក់ថាក្រុម Hezbollah បានសាងសង់មជ្ឈមណ្ឌលបញ្ជាការ និងឃ្លាំងស្តុកអាវុធនៅក្រោមដីនៅទីនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានធ្វើការផ្ទុះដ៏ខ្លាំងក្លាមួយនៅលើជួរភ្នំនេះ ដែលធ្វើឱ្យមានការញ័រដី និងឮសំឡេងផ្ទុះរហូតដល់តំបន់ Nabatieh និងតំបន់ជុំវិញ។

ប្រែសម្រួលៈ ណៃ តុលា

To Top