Feature

សារព័ត៌មាន Axios រាយការណ៍ថា លោក ត្រាំ បដិសេធសំណើរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលស្នើឱ្យអាមេរិកវាយប្រហារលើក្រុមហ៊ូទី

បរទេស៖ សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបថា ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំនួនពីរដងកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យលោក ត្រាំ បើកការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី (Houthis)។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា របាយការណ៍នោះបានបញ្ជាក់ថា លោក ត្រាំ បានបដិសេធសំណើនេះ ហើយមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោកមិនមានបំណងចាត់វិធានការយោធាដោយផ្ទាល់ប្រឆាំងនឹងក្រុមហ៊ូទីនៅពេលនេះទេ។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗនោះទេ។ សេតវិមាន និងស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅក្រៅម៉ោងធ្វើការធម្មតានោះទេ។

យោងតាមសារព័ត៌មាន Axios គឺសហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសយេម៉ែន ហើយកំពុងបង្កើនការគាំទ្រដល់អារ៉ាប៊ីសាអូឌីត ខណៈពេលដែលព្យាយាមជៀសវាងការចូលរួមផ្នែកយោធាដោយផ្ទាល់។

យោងតាមរបាយការណ៍ដដែលនេះ ឧត្តមនាវីឯក Brad Cooper ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (U.S. Central Command) បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើកិច្ចពិភាក្សាសម្របសម្រួលជាបន្ទាន់។

ប្រែសម្រួលៈ ណៃ តុលា

To Top