ក្រុមហ៊ុនផលិត រថយន្តជប៉ុន ត្រៀមផ្លាស់ប្តូរកាលវិភាគការងារ រោងចក្រចាប់ពីឆ្នាំ២០២៧ ដើម្បីទាក់ទាញបុគ្គលិក
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តដែលជាសមាជិក នៃសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) មានផែនការកែសម្រួលកាលវិភាគការងារនៅក្នុងរោងចក្ររបស់ខ្លួនឡើងវិញ ចាប់ពីឆ្នាំថវិកា ២០២៧ តទៅ ដោយរាប់បញ្ចូលទាំង ការកាត់បន្ថយប្រតិបត្តិការ នៅថ្ងៃឈប់សម្រាកបុណ្យជាតិ ក្នុងគោលបំណងបង្កើនភាពងាយ ស្រួលដល់បុគ្គលិកក្នុងការបែងចែកពេលវេលារវាងការងារ និងគ្រួសារ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន kYODO នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦។
ដើម្បីបង្កើនភាពទាក់ទាញដល់កម្លាំងពលកម្ម ក្រុមហ៊ុនផលិតរថយន្តទាំងនោះក៏ នឹងពិនិត្យមើលឡើងវិញ នូវទម្លាប់ការងារក្នុងវិស័យនេះ ដូចជាការឈប់សម្រាកនៅថ្ងៃធ្វើការក្នុងអំឡុងសប្តាហ៍ឈប់សម្រាកធំ “Golden Week” របស់ជប៉ុនផងដែរ។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដើម្បីឱ្យស្របទៅនឹងកាលវិភាគឈប់សម្រាកបុណ្យជាតិផ្លូវការរបស់ប្រទេស។
កន្លងមក ក្រុមហ៊ុនផលិតរថយន្តធំៗ រួមមាន Toyota Motor Corp. និង Honda Motor Co. តែងតែដំណើរការរោងចក្រនៅថ្ងៃធ្វើការដែលចំថ្ងៃបុណ្យជាតិ ប៉ុន្តែពួកគេផ្តល់ថ្ងៃឈប់សម្រាកវែងនៅអំឡុងពិធីបុណ្យប្រពៃណី Bon នារដូវក្តៅ និងថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ/ដើមឆ្នាំ ផ្អែកតាមកាលវិភាគជាក់លាក់របស់ឧស្សាហកម្មយានយន្ត។
កាលវិភាគការងារបច្ចុប្បន្នបានជួយបង្កើនប្រសិទ្ធភាពផលិតកម្ម តាមរយៈការប្រមូលផ្តុំថ្ងៃប្រតិបត្តិការឱ្យជាប់ៗគ្នា និងទុកពេលសម្រាកវែងដើម្បីកែលម្អ ឬថែទាំគ្រឿងចក្រ។ ទោះជាយ៉ាងណា ដោយសារគ្រួសារដែលមានប្រាក់ចំណូលពីរ (ប្តីប្រពន្ធធ្វើការទាំងពីរ) កើនឡើង និយោជិតបានសម្តែងការមិនពេញចិត្តកាន់តែខ្លាំង ដោយសារការរៀបចំរបៀបនេះធ្វើឱ្យពួកគេមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ បន្ថែមពីនេះ ចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំតិចជាងវិស័យផ្សេងទៀត ក៏បានធ្វើឱ្យឧស្សាហកម្មយានយន្តបាត់បង់ភាពទាក់ទាញលើទីផ្សារការងារផងដែរ។
ចាប់ពីខែមេសា ឆ្នាំ២០២៧ តទៅ ថ្ងៃធ្វើការនៅក្នុងសប្តាហ៍ “Golden Week” នឹងត្រូវកំណត់ជាថ្ងៃធ្វើការធម្មតា ឯថ្ងៃចន្ទខ្លះដែលចំថ្ងៃបុណ្យជាតិ ហើយធ្លាប់តែជាថ្ងៃធ្វើការ នឹងត្រូវប្តូរមកជាថ្ងៃឈប់សម្រាកវិញ។ យ៉ាងណាមិញ ចំនួនថ្ងៃប្រតិបត្តិការសរុបប្រចាំឆ្នាំរបស់រោងចក្រ នឹងនៅរក្សាដដែល។
លោក Toshihiro Suzuki ប្រធានក្រុមហ៊ុន Suzuki Motor Corp. និងជាអនុប្រធានសមាគមឧស្សាហកម្មនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីខែឧសភារួចមកថា គោលបំណងនៃបម្រែបម្រួលនេះ គឺដើម្បី «អនុញ្ញាតឱ្យកម្មករនិយោជិតបានសម្រាកស្របតាមកាលវិភាគទូទៅ ទទួលបានថាមពលឡើងវិញ និងបង្កើនផលិតភាពក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ»។
ការផ្លាស់ប្តូរនេះ ត្រូវបានរំពឹងថានឹងមានឥទ្ធិពលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មយានយន្តទាំងមូល ខណៈដែលក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ត្រូវតម្រូវឱ្យកែសម្រួលការដឹកជញ្ជូនគ្រឿងបន្លាស់ ឱ្យស្របទៅតាមកាលវិភាគផលិតកម្មថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត។
តំណាងសហព័ន្ធសហជីពកម្មករ យានយន្តជប៉ុន បានលើកឡើងថា៖ «យើងចង់ឱ្យក្រុមហ៊ុនផលិត រថយន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ដែលកើតចេញពីការផ្លាស់ប្តូរកាលវិភាគការងារនេះ ហើយនៅទីបំផុត យើងសង្ឃឹមថានឹងមានការពិភាក្សាអំពីការបង្កើនចំនួនថ្ងៃឈប់សម្រាកបន្ថែមទៀត»។
ប្រែសម្រួល៖ គីរី
