Feature

អគ្គលេខាធិការ និងជាប្រធានរដ្ឋរបស់វៀតណាម ស្នើឱ្យប្រទេសបារាំងជួយសម្រួលដល់សហគមន៍ជនជាតិវៀតណាមដើម្បីឱ្យពួកគេអាចមានស្ថិរភាពក្នុងជីវភាពរស់នៅ

‎បរទេស៖ អគ្គលេខាធិការ និងជាប្រធានរដ្ឋ របស់ប្រទេសវៀតណាម បានស្នើឱ្យប្រធានព្រឹទ្ធសភាបារាំងយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសបារាំង ដើម្បីឱ្យពួកគេអាចមានស្ថិរភាពក្នុងជីវភាពរស់នៅ។

‎យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមក្រសួងការបរទេសវៀតណាម, នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាបារាំង លោក Gerard Larcher កាលពីថ្ងៃទី ១១ ខែកញ្ញា អគ្គលេខាធិការ និងជាប្រធានរដ្ឋ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍនៃទំនាក់ទំនងរវាងវៀតណាម និងបារាំង ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

‎អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងការទំនាក់ទំនងតាមគ្រប់បណ្តាញ ព្រមទាំងអនុវត្តផែនការសកម្មភាពសម្រាប់រយៈពេលឆ្នាំ ២០២៦-២០២៨ និងសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។ លើសពីនេះ លោកក៏បានស្នើឱ្យជំរុញគម្រោងយុទ្ធសាស្ត្រនានាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ រថភ្លើងល្បឿនលឿន ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព សន្តិសុខតាមអ៊ីនធឺណិត និងរ៉ែសំខាន់ៗ។

‎ថ្នាក់ដឹកនាំវៀតណាមសង្ឃឹមថា រដ្ឋសភាបារាំងនឹងបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងគាំទ្រដល់ការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹង «កាតលឿង» លើការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងបញ្ជីឈ្មោះប្រទេសដែលមិនសហការលើកិច្ចការងារពន្ធដារ។

‎ប្រែសម្រួល: ណៃ តុលា

To Top