Feature

ដ្រូនរុស្ស៊ីវាយប្រហារជិតព្រំដែនប៉ូឡូញ ក្រោយរថភ្លើងដឹកលោក Boris Johnson និង David Petraeus ឆ្លងកាត់

អ៊ុយក្រែន៖ ដ្រូនរុស្ស៊ីមួយគ្រឿងបានវាយប្រហារលើរថភ្លើងមួយនៅក្បែរស្ថានីយ Yahodyn ភាគខាងលិចអ៊ុយក្រែន ជិតព្រំដែនប៉ូឡូញ កាលពីថ្ងៃទី១៣ ខែកញ្ញា មិនយូរប៉ុន្មានបន្ទាប់ពីរថភ្លើងការទូតដែលដឹកអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងអតីតនាយក CIA លោក David Petraeus បានឆ្លងកាត់តំបន់នោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា រថភ្លើងដែលត្រូវបានវាយប្រហារ ត្រូវបានជម្លៀសអ្នកដំណើរចេញជាមុន ដូច្នេះមិនមានអ្នកស្លាប់ ឬរបួសត្រូវបានរាយការណ៍ឡើយ។ ការវាយប្រហារបានកើតឡើងប្រមាណ ២គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ។

ក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែន Ukrzaliznytsia បានលើកឡើងថា មានលទ្ធភាពខ្ពស់ដែលរថភ្លើងការទូតអាចជាគោលដៅ ប៉ុន្តែរថភ្លើងនោះបានចាកចេញពីស្ថានីយមុនពេលកំណត់ ដោយសារវិធានការសន្តិសុខ។ លោក David Petraeus និងអ្នកដំណើរមួយចំនួនទៀត ក៏ត្រូវបានជម្លៀសចេញពីរថភ្លើងមួយផ្សេងទៀតនៅស្ថានីយ Yahodyn ក្នុងពេលមានការព្រមានពីការវាយប្រហារ។

លោក Boris Johnson និងលោក Carl Bildt អតីតនាយករដ្ឋមន្ត្រីស៊ុយអែត រួមទាំងមន្ត្រីសន្តិសុខអឺរ៉ុបមួយចំនួន បានធ្វើដំណើរត្រឡប់ទៅប៉ូឡូញ បន្ទាប់ពីចូលរួមសន្និសីទសន្តិសុខនៅទីក្រុង Kyiv។ ផ្លូវរថភ្លើងតភ្ជាប់អ៊ុយក្រែន និងប៉ូឡូញនេះ ត្រូវបានប្រើជាញឹកញាប់ដោយមេដឹកនាំ និងមន្ត្រីអន្តរជាតិ ក្នុងការធ្វើដំណើរទៅកាន់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានពេញទំហឹងក្នុងឆ្នាំ២០២២។

ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភនៅអឺរ៉ុប ព្រោះការវាយប្រហារបានកើតឡើងនៅជិតព្រំដែនសមាជិកណាតូ។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski បានចាត់ទុកវាថាជាការកើនឡើងនៃភាពតានតឹង និងអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ព្រមានថា មិនអាចបដិសេធបានទេថា ការកើនឡើងនៃសង្គ្រាមអាចប៉ះពាល់ដល់ទឹកដីប៉ូឡូញ។

ការវាយប្រហារនេះកើតឡើងក្នុងពេលរុស្ស៊ីបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែន ដោយប្រើដ្រូន និងមីស៊ីលជាច្រើនរយគ្រឿងនៅចុងសប្តាហ៍។ អ៊ុយក្រែនបានរាយការណ៍ថា តំបន់ភាគខាងលិច ដែលជាទូទៅមិនសូវរងការវាយប្រហារខ្លាំងដូចតំបន់ជួរមុខ ក៏បានក្លាយជាគោលដៅសំខាន់ផងដែរ។

ប្រែសម្រួល៖ គីរី

To Top