ព័ត៌មានអន្តរជាតិ

លោក Donald Trump៖ ការអំពាវនាវឱ្យរឹតត្បិតបញ្ញាសិប្បនិម្មិត (AI) និង Data Centers គឺជា «ការឃុបឃិតដ៏អាក្រក់» ដែលចំណេញដល់ប្រទេសចិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែកញ្ញា បានរិះគន់យ៉ាងចាស់ដៃចំពោះការអំពាវនាវឱ្យរឹតត្បិតការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយចាត់ទុកថាវាគឺជា «ការឃុបឃិតដ៏អាក្រក់» និងជារឿងបោកប្រាស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

​តាមរយៈបណ្តាញសង្គម Truth Social លោក Trump បានសង្កត់ធ្ងន់ថា AI និង Data Centers គឺជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលមិនគួររារាំងឡើយ។ លោកបានបញ្ជាក់ថា ការរឹតត្បិតទាំងនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ឱកាស ខណៈប្រទេសចិនគឺជាអ្នកទទួលបានផលចំណេញពីការដើរយឺតរបស់អាមេរិក។ លោកបញ្ជាក់ថា៖ “អ្នកណាឈ្នះ AI អ្នកនោះឈ្នះ! យើងកំពុងនាំមុខ ហើយយើងត្រូវតែបន្តនាំមុខ។”
​
ការអត្ថាធិប្បាយរបស់លោក Trump ធ្វើឡើងផ្ទុយទៅនឹងការព្រមានរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជានាយកប្រតិបត្តិ OpenAI និង Anthropic ដែលបានអំពាវនាវឱ្យមានការគ្រប់គ្រង និងបន្ថយល្បឿនក្នុងការអភិវឌ្ឍ AI ជៀសវាងការវិវឌ្ឍលឿនហួសរហូតលែងអាចគ្រប់គ្រងបាន។ ផ្ទុយទៅវិញ លោក Trump ជឿជាក់ថា AI មិនត្រូវការច្បាប់រឹតត្បិតនោះទេ អ្វីដែលត្រូវការ គឺមានតែការគ្រប់គ្រងពី “ប្រធានាធិបតីដ៏រឹងមាំ និងឆ្លាតវៃ” ប៉ុណ្ណោះ។

ប្រែសម្រួល៖ គីរី

To Top