ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ អាវុធនៅក្នុងលំហអាកាស

បរទេស៖ មន្ត្រីអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក បានដាក់ពង្រាយធនធាន នៅក្នុងលំហអាកាស ហើយនឹងប្រើប្រាស់ធនធានទាំងនោះ ដើម្បីការពារកងកម្លាំងរបស់ខ្លួនពី «សកម្មភាពអរិភាព»។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីលំហអាកាស និងសាយប័រ (Aerospace and Cyber ​​Conference) ដែលបានធ្វើឡើងនៅរដ្ឋ Maryland កាលពីថ្ងៃទី ១៤ ខែកញ្ញា លោក Troy Meink ដែលជារដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពអាកាស បានប្រកាសថា បច្ចុប្បន្នសហរដ្ឋអាមេរិកមាន «អាវុធលំហអាកាសមួយកំពុងស្ថិតនៅក្នុងគន្លងគោចរ» ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃអាវុធនោះទេ។ លោកបានបញ្ជាក់ថា អាវុធនេះនឹងត្រូវបានប្រើប្រាស់ដើម្បី «គ្រប់គ្រងលំហអាកាស» និងការពារកងកម្លាំងអាមេរិកពី «សកម្មភាពអរិភាពរបស់សត្រូវ»។

មន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត Washington Post ថា កងទ័ពអាមេរិកអាចនឹងធ្វើឱ្យអាវុធនោះដំណើរការដើម្បីបាញ់ទម្លាក់ផ្កាយរណបរបស់គូប្រជែង ប្រសិនបើឧបករណ៍នោះត្រូវបានប្រើប្រាស់ដើម្បីកំណត់គោលដៅលើកងកម្លាំង ឬផ្កាយរណបរបស់សហរដ្ឋអាមេរិក។

ប្រទេសរុស្ស៊ី និងចិន ត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដែលអាចកើតមានចំពោះសហរដ្ឋអាមេរិកនៅក្នុងលំហអាកាស។

យោងតាមមន្ត្រីនៃកងកម្លាំង លំហអាកាសសហរដ្ឋអាមេរិក (USSF) បានឱ្យដឹងថា រុស្ស៊ីមើលឃើញលំហអាកាសថា ជាសមរភូមិសង្គ្រាមមួយ ហើយជឿជាក់ថាការគ្រប់គ្រង លំហអាកាសនឹងក្លាយជាកត្តាសម្រេច នៅក្នុងជម្លោះនាពេលអនាគត ខណៈដែលប្រទេសចិនកំពុងអភិវឌ្ឍ និងប្រតិបត្តិការសមត្ថភាពផ្នែកលំហអាកាស ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មយោធារបស់ខ្លួន។

ប្រែសម្រួលៈ ណៃ តុលា

To Top