Update៖ ចិន ព្រមានកុំឱ្យប្រែក្លាយទីអវកាសទៅជា «សមរភូមិសង្គ្រាម» បន្ទាប់ពីអាមេរិកបញ្ជាក់ពីការដាក់ពង្រាយអាវុធ
ប៉ារីស៖ ប្រទេសចិន ថ្ងៃអង្គារ ទី១៥ ខែកញ្ញាបានព្រមានប្រឆាំងនឹងការប្រែក្លាយលំហអវកាសទៅជា «សមរភូមិសង្គ្រាម» ខណៈរុស្ស៊ីបានលើកឡើងថា ទីអវកាសត្រូវតែ «គ្មានអាវុធ» បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយសព្វាវុធនៅក្នុងគន្លងតារាវិថីខាងលើផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការទម្លាយព័ត៌មានរបស់ទីក្រុងវ៉ាស៊ីនតោននេះ គ្រាន់តែជាការបញ្ជាក់ពីអាថ៌កំបាំងដែលគេដឹងជាទូទៅទៅហើយប៉ុណ្ណោះ ប៉ុន្តែពេលវេលានៃការប្រកាសនេះ អាចប្រឈមនឹងហានិភ័យធ្វើឱ្យភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែធ្ងន់ធ្ងរ ព្រមទាំងបង្កើនហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធនៅក្នុងទីអវកាសផងដែរ។
ការប្រកាសនេះបានកត់សម្គាល់នូវដំណាក់កាលថ្មីមួយ នៃការសម្រុកប្រជែងគ្នារបស់ប្រទេសមហាអំណាច ក្នុងការពង្រីកសមត្ថភាពយោធាអវកាស ដែលជំរុញដោយភាពជឿនលឿនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ប៉ុន្តែខ្វះខាតនូវក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រង។
អ្នកនាំពាក្យកងកម្លាំងអវកាសអាមេរិក (US Space Force) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទអាវុធ ថា “សហរដ្ឋអាមេរិក មានអាវុធគ្រប់គ្រងទីអវកាសនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារកងកម្លាំងចម្រុះពីសកម្មភាពប្រទូសរ៉ាយរបស់សត្រូវ។”
ជាការឆ្លើយតប ក្រសួងការបរទេសចិនបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះចំណាត់ការនេះ ដោយព្រមានពី “ការបំពាក់អាវុធក្នុងលំហអវកាស ការប្រែក្លាយវាទៅជាសមរភូមិ ក៏ដូចជាការប្រណាំងប្រជែងសព្វាវុធនៅទីនោះ”។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “យើងជំរុញឱ្យភាគីអាមេរិក បញ្ឈប់ការពង្រីកសមត្ថភាពយោធារបស់ខ្លួន និងការរៀបចំធ្វើសង្គ្រាមនៅក្នុងលំហអវកាស។”
ចំណែកឯប្រទេសរុស្ស៊ី ក៏បានអំពាវនាវនៅថ្ងៃអង្គារផងដែរ ឱ្យរក្សាទីអវកាសឱ្យនៅ “គ្មានសព្វាវុធណាមួយទាំងអស់”។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងបញ្ជាក់ថា “យើងរំពឹងថានឹងមានការរួបរួមអន្តរជាតិយ៉ាងទូលំទូលាយ ដើម្បីបន្តធ្វើការឆ្ពោះទៅរកការលុបបំបាត់ការធ្វើសកម្មភាពយោធាទាំងស្រុងនៅក្នុងទីអវកាស។”
ប្រែសម្រួល៖ គីរី
