បណ្ដាមេដឹកនាំសហភាពអឺរ៉ុប អំពាវនាវឱ្យមានតួនាទីកាន់តែខ្លាំងក្លានៅតំបន់អាកទិក ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសហ្វាំងឡង់
ហ្វាំងឡង់៖ បណ្ដាមេដឹកនាំអឺរ៉ុប បានអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្លា និងមានការសម្របសម្រួលគ្នាពីសំណាក់សហភាពអឺរ៉ុប នៅតំបន់អាកទិក ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ ដែលកំពុងកើនឡើងនៃតំបន់នេះចំពោះសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អឺរ៉ុប។
លោក Petteri Orpo នាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-អាកទិក (European Arctic Summit) រយៈពេលពីរថ្ងៃនៅទីក្រុង Rovaniemi បានឧ្យដឹងថា សារសំខាន់នៃកិច្ចប្រជុំនេះគឺថា មាន «តម្រូវការខ្ពស់សម្រាប់សកម្មភាពជាក់ស្តែងពីសហភាពអឺរ៉ុបនៅក្នុងតំបន់អាកទិក»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ លោក Orpo បានឧ្យដឹងថា អ្នកចូលរួមបានឯកភាពគ្នាលើតម្រូវការក្នុងការបង្កើនការវាយតម្លៃរួមគ្នាទៅលើការគំរាមកំហែង និងហានិភ័យនានា ព្រមទាំងការយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់អាកទិក។
លោកបានលេីកឡេីងថា «យើងត្រូវការភាពជាអ្នកដឹកនាំដ៏រឹងមាំ និងមានការសម្របសម្រួលគ្នាពីសហភាពអឺរ៉ុប»។ នៅក្នុងនោះដែរលោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានអំពាវនាវឱ្យសហភាពអឺរ៉ុបយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះតំបន់អាកទិក ដោយលើកឡើងពីសារៈសំខាន់ផ្នែកសន្តិសុខ និងឱកាសសេដ្ឋកិច្ចដ៏ធំធេងនៅក្នុងវិស័យវត្ថុធាតុដើម ថាមពល និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា
